(កៀវ)៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) នៅថ្ងៃពុធនេះបាននិយាយថា អ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមួយរុស្ស៊ី ស្តីពីការបើកច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ចេញពីទីក្រុងម៉ារីយូប៉ូល (Mariupol) ដែលត្រូវបានឡោមព័ទ្ធហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

លោកស្រី Iryna Vereshchuk បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសបុកថា៖ «យើងបានយល់ព្រមជាមុននូវ ការបើកច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសស្ត្រីកុមារ និងមនុស្សចាស់ហើយ ដោយមើលឃើញពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ នៅក្នុងទីក្រុង Mariupol ជាកន្លែងដែលយើងនឹងផ្តោត ការខិតខំប្រឹងប្រែងរបស់យើង នៅថ្ងៃនេះ»

លោកស្រី Vereshchuk បានបន្ថែមថា «ការព្យាយាមជម្លៀស នឹងចាប់ផ្តើមនៅវេលាម៉ោង ២៖០០នាទីរសៀល (ម៉ោងក្នុងតំបន់)។ ដោយសារស្ថានភាពសន្តិសុខលំបាកខ្លាំង ការផ្លាស់ប្តូរអាចកើតឡើងក្នុងអំឡុងពេលធ្វើសកម្មភាពបើកច្រករបៀង។ ដូច្នេះសូមតាមដានសារផ្លូវការដែលពាក់ព័ន្ធ»

អាជ្ញាធរក្នុងតំបន់ បាននិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងការឡោមព័ទ្ធទីក្រុង Mariupol ហើយថាទីក្រុងកំពង់ផែនៃតំបន់សមុទ្រអាហ្សូវ (Azov) មួយនេះ ត្រូវបានបំផ្លាញទាំងស្រុង។

កិច្ចព្រមព្រៀងមុនៗ ស្ដីពីការបើកច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol បានដួលរលំ កាលពីថ្ងៃទី៥ ខែមីនា។ ចាប់តាំងពីពេលនោះមក ការខិតខំប្រឹងប្រែងម្តងហើយម្តងទៀត ដើម្បីបើកច្រករបៀងសុវត្ថិភាព បានបរាជ័យដោយភាគីនីមួយៗ បានស្ដីបន្ទោសគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ទីក្រុងម៉ូស្គូបានដាក់ឱសានវាទចុងក្រោយ ឱ្យអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ទម្លាក់អាវុធចុះចាញ់។ ប៉ុន្តែកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol បានប្ដេជ្ញាថា ពួកគេនឹងតស៊ូប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ៕