(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីនៃប្រទេសដែនកោះសូឡូម៉ុន (Solomon) លោក ម៉ាណាស់សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) បានប្រាប់សភានៅថ្ងៃពុធនេះថា ការសម្រេចចិត្តរបស់សូឡូម៉ុន ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខជាមួយ ចិន នឹងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងភាពសុខដុមនៅក្នុងតំបន់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

បើតាមលោក Sogavare កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ ពោលគឺរយៈពេល ១ថ្ងៃ បន្ទាប់ពីចិនបានប្រកាសពីការចុះហត្ថលេខានេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង។

ការប្រកាសនេះ បានកើតឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈប្រតិភូសេតវិមាន រួមទាំងមន្រ្តីសម្របសម្រួលអាមេរិក ប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក ឃឺត ខេមប៊ែល (Kurt Campbell) នឹងធ្វើដំណើរទៅដល់ទីក្រុងហូនីយ៉ារ៉ា (Honiara) នៃប្រទេស ដែនកោះសូឡូម៉ុន ខណៈមានការព្រួយបារម្ភយ៉ាងខ្លាំងរបស់អូស្រ្តាលី អំពីសក្តានុពលនៃវត្តមានយោធាចិននៅលើដែនកោះសូឡូម៉ុន ដែលស្ថិតនៅចម្ងាយតិចជាង ២,០០០គីឡូម៉ែត្រពីគ្នា។

លោក Sogavare បានបន្ថែមដូច្នេះថា «កិច្ចព្រមព្រៀងនេះនឹងត្រូវបានលាតត្រដាងបន្ទាប់ពីវាត្រូវបានដំណើរការ ហើយកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយចិន មិនមែនសំដៅលើប្រទេសណាមួយ ឬសម្ព័ន្ធមិត្តខាងក្រៅនោះទេ ផ្ទុយទៅវិញគឺសំដៅ លើស្ថានភាពសន្តិសុខផ្ទៃក្នុងរបស់សូឡូម៉ុនផ្ទាល់។ ដូច្នេះ ខ្ញុំសូមស្នើឱ្យអ្នកជិតខាង មិត្ត និងដៃគូរបស់យើងទាំងអស់ គោរពផលប្រយោជន៍អធិបតេយ្យភាពនៃប្រទេសដែនកោះសូឡូម៉ុន ដោយធានាថាការសម្រេចចិត្ត នឹងមិនប៉ះពាល់ ឬធ្វើឱ្យខូចដល់ សន្តិភាព និងភាពសុខដុមក្នុងតំបន់របស់យើងនោះទេ»

គួរបញ្ជាក់ថា ដំណឹងនៃគម្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរវាងចិន-សូឡូម៉ុន បានទទួលរងនូវការជំទាស់ជាខ្លាំង ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានអះអាងថា វាអាចបង្ករអសន្តិសុខក្នុងតំបន់។ ប៉ុន្តែ នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាស់សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) ធ្លាប់ប្រាប់សភាសូឡូម៉ុនថា កិច្ចព្រមព្រៀងសន្តិសុខ ដែលបានស្នើឡើង គឺមិនមានរួមបញ្ចូល ការបង្កើតមូលដ្ឋានយោធាចិន លើទឹកដីសូឡូម៉ុនឡើយ៕