(ព្រុចសែល)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថាគ្រោះរាំងស្ងួត បូករួមទាំងជម្លោះ នៅអ៊ុយក្រែន អាចនឹងធ្វើឲ្យប្រជាជនចន្លោះពី១៤លាន ដល់២០លាននាក់ ដែលរស់នៅអាហ្រ្វិកខាងកើតហៅថា Horn of Africa ធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស នាចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃពុធ ២០ ខែមេសា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យប្រមុខ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) , ប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើតនឹងប្រឈមមុខ នឹងគ្រោះទុរ្ភិក្សកាន់តែខ្លាំង ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់, តម្លៃស្បៀងអាហារ និងឥន្ធនៈចេះតែបន្តកើនឡើងដោយសារតែ ជម្លោះអូសបន្លាយ ហើយការផ្តល់ជំនួយមនុស្សធម៌ នៅមានកម្រិតទាបទៀតនោះ។

លោក Dujarric បានលើកឡើងយ៉ាងដូច្នេះថា «កម្មវិធីស្បៀងអាហារពិភពលោក (WFP) ព្រមានថា ពេលវេលា គឺកាន់តែខើច សម្រាប់ក្រុមគ្រួសារដែលតស៊ូ ដើម្បីរស់»

គួរបញ្ជាក់ថា ការអំពានាវចុងក្រោយបង្អស់ របស់ WFP គឺស្នើឲ្យមានការប្រមូលជំនួយ ឬមូលនិធិឲ្យបានយ៉ាងតិច៤ភាគរយ នៃតម្រូវការចាំបាច់នៃតំបន់អាហ្វ្រិកខាងកើត៕