(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានិទាឃរដូវដ៏សំខាន់ នៅថ្ងៃចន្ទនេះ ដោយមិនមានការធ្វើសមយុទ្ធជាក់ស្ដែងនៅតាមទីវាលឡើយ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។
JCS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធា CCPT គឺជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័ររបស់ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅជាមួយគោលដៅ ដ៏ទូលំទូលាយនៃការត្រៀមលក្ខណៈការពារជាតិរួមគ្នា។
JCS បានកត់សម្គាល់ថា CCPT នឹងមិនពាក់ព័ន្ធនឹងការធ្វើសមយុទ្ធតាមទីវាលឡើយ ដោយសារវាត្រូវបានធ្វើតាមប្រព័ន្ធកុំព្យូទ័រ។ តាមរយៈ សមយុទ្ធយោធា CCPT, JCS បានរំពឹងទុកថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពប្រតិបត្តិការរួមគ្នារបស់ពួកគេ និងពង្រឹងការត្រៀមលក្ខណៈការពារជាតិរួមគ្នាបន្ថែមទៀត។
គួរបញ្ជាក់ថា សមយុទ្ធយោធា CCPT ធ្វើឡើង បន្ទាប់ពី CMST ដែលជាការធ្វើសមយុទ្ធយោធាបឋមត្រូវបានធ្វើឡើងដោយ កងកម្លាំងយោធាចម្រុះរយៈពេល ៤ថ្ងៃ កាលពីសប្តាហ៍មុន ដើម្បីអនុវត្តការគ្រប់គ្រងស្ថានភាពអាសន្នមុនសង្គ្រាមដែលអាចកើតមាន៕