(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយថា គ្មានការជួបទាក់ទងណាមួយ ក្នុងកម្រិតនៃក្រសួងការបរទេសរវាងរុស្ស៉ី និងអ៊ុយក្រែនទេ នាពេលថ្មីៗនេះ ខណៈស្ថានភាពធ្ងន់ធ្ងរក្នុងទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) អាចក្លាយជាបន្ទាត់ក្រហមនៃការចរចារវាងភាគីទាំងពីរ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS លោក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Kuleba បានលើកឡើងថា Mariupol កំពុងស្ថិតនៅលើបន្ទាត់ក្រហម ខណៈការចរចា ធ្វើឡើងដោយមានតែក្រុមអ្នកតំណាងមកពីស្ថាប័នផ្សេង និងសមាជិកសភាប៉ុណ្ណោះ ដោយបន្តពិគ្រោះយោបល់លើកម្រិតជំនាញ ប៉ុន្តែមិនមានកិច្ចពិភាក្សាកម្រិតខ្ពស់ណាមួយនោះទេ។

លោក Kuleba បន្ថែមថា «ទាហានអ៊ុយក្រែនព្យាយាមទប់ទល់នឹងឱសានវាទរបស់រុស្ស៉ីឲ្យទម្លាក់អាវុធ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ជាអ្វីដែល ទីក្រុងមូស្គូ អះអាងថាជារង្វាន់នៃការធ្វើសង្រ្គាមរបស់ខ្លួនលើទឹកដីអ៊ុយក្រែនរយៈពេលជិតខែ ដោយដណ្តើមកាន់កាប់បានស្ទើរតែទាំងស្រុង នៃទីក្រុងកំពង់ផែមួយនេះ»។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថា «ការប្រយុទ្ធគ្នាកាន់តែខ្លាំងនឹងកើតមាន នៅភាគខាងកើតអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត»

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីសស៍ ស្ម៉ីហាល់ (Denys Shmyhal) កងទ័ពនៅ Mariupol នៅតែប្រយុទ្ធ បើទោះបីជា មានការទាមទារពីរុស្ស៊ីឱ្យពួកគេចុះចាញ់នៅព្រឹកព្រលឹម (ម៉ោងក្នុងតំបន់) នេះក៏ដោយ»៕