(សៀងហៃ)៖ រដ្ឋាភិបាលសៀងហៃ បានឲ្យដឹងនៅថ្ងៃចន្ទ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា ទីក្រុងសៀងហៃបានរាយការណ៍ពីករណី ស្លាប់ជាលើកដំបូងលើមនុស្សចាស់ និងមានជំងឺប្រចាំកាយចំនួន៣នាក់ ដោយសារតែជំងឺកូវីដ ១៩ ចាប់តាំងពីមានការបិទខ្ទប់ទីក្រុង ជាច្រើនសប្ដាហ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, មនុស្សទាំង៣នាក់ខាងលើ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ បន្ទាប់ពីបានចូលសម្រាកនៅមន្ទីរពេទ្យ ហើយបានស្លាប់ ទោះជាមានការព្យាយាមជួយសង្រ្គោះពីក្រុមគ្រូពេទ្យក៏ដោយ។ អ្នកស្លាប់ទាំង៣នាក់ រួមមានស្រ្តី ២នាក់មានអាយុ ៨៩ឆ្នាំ និង ៩១ឆ្នាំ រួមទាំង បុរសម្នាក់ទៀត អាយុ៩១ឆ្នាំ ដែលសុទ្ធសឹងតែជាអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺសសៃឈាមបេះដូង, ទឹកនោមផ្អែម និងលើសឈាម ជាដើម។
គួរបញ្ជាក់ថា ទីក្រុងសៀងហៃ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ១៩។ នៅព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលទីក្រុងសៀងហៃ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២២,២៤៨នាក់ ដែលក្នុងនោះ ២,៤១៧នាក់ មានរោគសញ្ញា៕