(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យនេះនឹងដោះលែងអ្នកទោសជាង១,៦០០នាក់ នៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ខណៈមិនមានការបញ្ជាក់ច្បាស់ថា ទាំងអ្នកទោសដែលទទួលបានការលើកលែងទាំងនោះ គឺជាក្រុមបាតុករដែលត្រូវបានចាប់ខ្លួន ឬមួយក៏ឧក្រិដ្ឋជនទូទៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

កាលព្រឹកថ្ងៃអាទិត្យនេះ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានចេញផ្សាយសេចក្តីប្រកាសថា អ្នកទោសសរុបចំនួន ១,៦១៩នាក់ រួមមានជនបរទេស ៤៩នាក់ ត្រូវបានលើកលែងទោស ហើយនឹងត្រូវដោះលែងពីពន្ធនាគារនៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យ៉ាងណាមិញ វាមិនច្បាស់ទេថា នៅក្នុងចំណោមនោះ មានក្រុមបាតុករប្រឆាំងរបបយោធា ឬអ្នកកាសែតដែលរាយការណ៍ពីរដ្ឋប្រហារ ឬក៏អត់ឡើយ។ មួយវិញទៀត ក៏ពុំមានការលើកឡើង នូវឈ្មោះសាស្រ្តាចារ្យអូស្រ្តាលី លោក សន ធើនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សារបស់ លោកស្រី អោង សាន ស៊ូជី ដែរ។

គួរបញ្ជាក់ថា ជាធម្មតា មីយ៉ាន់ម៉ាតែងតែផ្តល់ការលើកលែងទោសប្រចាំឆ្នាំ ចំពោះអ្នកទោសរាប់ពាន់នាក់នៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លូន ដែលប្រារព្ធឡើងក្នុងពេលដំណាលគ្នានឹង បុណ្យចូលឆ្នាំខ្មែរនៅកម្ពុជាយើងដែរ។ មុនពេលមានរដ្ឋប្រហារយោធា ទីក្រុងនានារបស់មីយ៉ាន់ម៉ាតែងរៀបចំកម្មវិធីសប្បាយៗ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ ប៉ុន្តែក្នុងឆ្នាំ២០២១ និងឆ្នាំនេះ គឺទីក្រុងទាំងឡាយ មានភាពស្ងប់ស្ងាត់ ដោយសារតែប្រជាជននាំគ្នាសម្តែងការតវ៉ា ចំពោះរបបដឹកនាំរបស់យោធា៕