(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី១១០ របស់អតីតស្ថាបនិកកូរ៉េខាងជើង និងជាជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង នៅថ្ងៃសុក្រសប្ដាហ៍នេះ អមជាមួយការបាញ់កាំជ្រួចអបអរ និងការច្រៀងរាំលេងកម្សាន្តក្នុងរដ្ឋធានីព្យុងយ៉ាង ដោយមិនមានការធ្វើព្យុហយាត្រាយោធានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
នៅក្នុងឆ្នាំ២០២២នេះ គឺជាខួបកំណើតលើទី១១០ របស់លោក គីម អ៉ីលស៊ុង ដែលបានប្រសូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ហើយ នៅមុនពិធីនេះរៀបចំឡើង ក្រុមមន្ត្រីកូរ៉េខាងត្បូង និងអាមេរិកបានព្រមានថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ឬក៏ធ្វើព្យុហយាត្រយោធាសម្ញែងអាវុធថ្មីៗ។
ប៉ុន្តែ ព្យុហយាត្រាយោធាមិនបានធ្វើឡើងនោះទេ។ រីឯលោក គីម ជុងអ៊ុន ក៏បានចូលរួមក្នុងពិធីជួបជុំដ៏ធំក្នុងរដ្ឋធានីព្យុងយ៉ាងផងដែរ ដោយ លោក គីម ក៏មិនបានថ្លែងសុន្ទរកថាអ្វីនោះដែរ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសជាមុនរួចហើយថាការប្រារព្ធខួបកំណើតលើកទី១១០ របស់អតីតស្ថាបនិក កូរ៉េខាងជើង និងជាជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង នឹងធ្វើឡើងអមជាការបាញ់កាំជ្រួច និងការប្រគំតន្ត្រីអបអរសាទរ ខណៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយថាកូរ៉េខាងជើងនឹងជម្នះរាល់ឧបសគ្គទាំងឡាយ៕