(ប៉ាឡេស្ទីន)៖ ប្រជាជនប៉ាឡេស្ទីនបានប៉ះទង្គិចជាមួយប៉ូលីសអ៉ីស្រាអែល នៅឯបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុង Jerusalem នាពេលព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានក្នុងខែដ៏វិសុទ្ធ នៃបុណ្យរ៉ាម៉ាដាន។ ក្រុមវេជ្ជសាស្រ្តបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៥២នាក់ បានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

បុគ្គលិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្សរាប់សិបនាក់បានរងរបួស ខណៈដែលប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកសំឡេង បន្ទាប់ពីត្រូវបានគប់នឹងថ្ម។

គួរបញ្ជាក់ថា ទីសក្ការៈ Al-Aqsa ដែលជាកន្លែងពិសិដ្ឋសម្រាប់ជនជាតិយូដា និងមូស្លីម។ ជារឿយៗជាចំណុចកណ្តាល នៃភាពចលាចលរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយភាពតានតឹងបានកើនឡើងរួចទៅហើយចំពេលមានរលកចុងក្រោយនៃអំពើហិង្សា។ ការប៉ះទង្គិចគ្នានៅកន្លែងនោះ កាលពីឆ្នាំមុនបានបង្កឱ្យមានសង្គ្រាមរយៈពេល១១ថ្ងៃ ជាមួយ ពួកសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សាស្ទ្រីប។

ការប៉ះទង្គិចកើតឡើងចំពេលដ៏រសើប ខណៈពិធីបុណ្យរ៉ាម៉ាដានឆ្នាំនេះរបស់សាសនាអ៊ីស្លាម ស្របគ្នានឹងបុណ្យអ៉ីស្ទើរ ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់របស់ជនជាតិយូដាដែលចាប់ផ្តើមនៅថ្ងៃសុក្រនៅពេលថ្ងៃលិច និងជាសប្តាហ៍បរិសុទ្ធសម្រាប់គ្រីស្ទាន៕