(អូតាវ៉ា)៖ បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធកាណាដា នឹងចាកចេញពីមូលដ្ឋានយោធា Trenton Ontario ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីជួយដល់ការថែទាំ ការសម្របសម្រួល និងការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Star នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Anita Anand បាននិយាយថា ទាហានរហូតដល់ ១៥០នាក់នឹងត្រូវដាក់ពង្រាយឆាប់ៗនេះ ពីមូលដ្ឋានទ័ពកាណាដា Trenton បន្ទាប់ពីក្រុមឈ្លបយកការណ៍បានទៅប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន ដើម្បីរៀបចំផែនការបេសកកម្ម។

លោក Anand និយាយ ថា កងទ័ព នឹង ផ្តល់ ការ គាំទ្រ ទូទៅ និង ផ្នែកស្មារតី ព្រម ទាំង ការ ថែទាំ សុខភាព ផងដែរដល់ជនភៀសខ្លួន។

ថ្លែងនៅឯមូលដ្ឋាននៅថ្ងៃនេះ លោក Anand សង្កត់ធ្ងន់ថា កងទ័ពក៏នឹងជួយប្រជាជនអ៊ុយក្រែនចាកចេញពីប្រទេសប៉ូឡូញទៅកាន់គោលដៅផ្សេងទៀត រួមទាំងប្រទេសកាណាដាផងដែរ។

គួរបញ្ជាក់ថា មនុស្សជាង ២.៦លាននាក់បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈ។

ប្រទេសកាណាដាបានផ្តល់អាទិភាពលើកម្មវិធីអន្តោប្រវេសន៍ពីអ៊ុយក្រែន ហើយបានបង្កើតកម្មវិធីពិសេសមួយដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន និងក្រុមគ្រួសាររបស់ពួកគេ អាចមកប្រទេសកាណាដា និងធ្វើការ ឬសិក្សាក្នុងប្រទេសនេះបានរយៈពេលបីឆ្នាំ៕