(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីថាការទិញប្រេងបន្ថែមពីរុស្ស៉ី មិនមែនជាប្រយោជន៍របស់ឥណ្ឌានោះទេ ហើយអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរយៈពេល១ម៉ោង ជាមួយលោក ម៉ូឌី ដែលក្រុមមន្ត្រីអាមេរិកអះអាងថា ប្រព្រឹត្តទៅដោយភាពកក់ក្ដៅ និងស្មោះត្រង់ ហើយមេដឹកនាំទាំង២ ក៏បានបង្ហាញផងដែរការព្រួយបារម្ភចំពោះការបំផ្លិតបំផ្លាញ នៅក្នុងប្រទេស អ៊ុយក្រែន ជាពិសេសនៅក្នុងទីក្រុងប៊ូចាតែម្ដងជាទីដែលជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «លោកប្រធានាធិបតី (បៃដិន) បានផ្ញើសារយ៉ាងច្បាស់ ថាការបង្កើនការទិញប្រេងពីរុស្ស៉ីមិនមែនជាប្រយោជន៍របស់ ឥណ្ឌានោះទេ»

តែទោះជាបែបនេះក្ដី ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថាគេមិនគួរលើកយកបញ្ហាឥណ្ឌាទិញប្រេងពីរុស្ស៉ីឡើយ ដោយគួរតែផ្ដោតទៅលើ អឺរ៉ុបដែលត្រូវបានប្រេងពីរុស្ស៉ី មិនមែនឥណ្ឌានោះទេ៕