(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទដើមសបា្ដហ៍នេះបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករ ជានិស្សិតរាប់រយនាក់ដែលប្រមូលផ្ដុំធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឡើងថ្លៃម្ហូបអាហារ និងចេតនាដែលចង់ឱ្យប្រធានាធិបតី លោក ចូកូ វីដូដូ បន្តកាន់អំណាចលើសអាណត្តិដែលបានកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើសាក្សីជាច្រើននាក់នៅកន្លែងតវ៉ា បានឱ្យដឹងទៀតថាក្រុមបាតុករត្រូវបានគេឃើញរត់ចេញពីកន្លែង ប្រមូលផ្ដុំតវ៉ា នៅក្រៅអគារសភាជាតិក្នុងរដ្ឋធានីហ្សាការតា។ បន្ថែមពីលើនេះ បាតុកម្មតវ៉ាក៏ត្រូវបានរៀបចំឡើងផងដែរនៅខេត្ត សូឡាវេស៊ី ខាងត្បូង (South Sulawesi) និងខេត្តជ្វាភាគខាងលិច (West Java) តែមិនទាន់មានសេចក្ដីរាយការផ្លូវការថាតើមានអ្នករងរបួស ឬត្រូវបានចាប់ខ្លួន ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូ កូវីដូដូ កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញមុខច្រានចោលថាលោកមិនមានបំណងពន្យារពេល ការបោះឆ្នោតឆ្នាំ២០២៤ ដើម្បីបន្តកាន់អំណាចទៀតនោះទេ៕