(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃចន្ទនេះ បានអះអាងថា យោធារុស្ស៉ីបានកម្ទេច ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 មួយចំនួន ដែលអឺរ៉ុបដែលបានផ្តល់ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៉ី គឺមីស៉ីលរុស្ស៉ី កាលីបឺ (Kalibr) ដែលជាប្រភេទបាញ់ចេញពីនាវាចម្បាំង ត្រូវបានប្រើប្រាស់កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីកម្ទេចប្រព័ន្ធ S-300 ចំនួន៤គ្រឿង ដែលត្រូវបានលាក់ទុកនៅជាយទីក្រុងឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន ហើយការវាយប្រហារនោះ ក៏បានត្រូវចំទាហានអ៊ុយក្រែន ២៥នាក់ផងដែរ។

គួរបញ្ជាក់ថា យ៉ាងណាមិញ ទីក្រុងមូស្គូមិនបានលើកឡើងឈ្មោះប្រទេសអឺរ៉ុប ដែលបានផ្តល់ប្រព័ន្ធ S-300 ទាំងនោះ ឱ្យអ៊ុយក្រែនឡើយ ខណៈស្លូវ៉ាគី ដែលទើបតែបរិច្ចាគប្រព័ន្ធ S-300 ១គ្រឿងទៅកាន់អ៊ុយក្រែន បានបដិសេធថា S-300 របស់ខ្លួន មិនបានទទួលរងការវាយប្រហារអ្វីឡើយ ហើយចាត់ទុកការអះអាងរបស់រុស្ស៉ី ជាការភូតកុហក៕