(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ជាថ្មីថា ការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី គឺអាចបង្កបញ្ហា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ វុក (Suh Wook) បានបញ្ជាក់ពីគោលជំហរដដែលជាថ្មីម្តងទៀត កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ជាមួយសមភាគីអ៊ុយក្រែនលោក អាឡិចស៉ី រ៉េហ្សនីកូវ (Alexey Reznikov) កាលពីចុងសប្តាហ៍កន្លងទៅ។ បើតាមលោក ប៊ូ ស៉ឹងឆាន់ (Boo Seung-chan) អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ បានពន្យល់ថា «ប្រទេសកូរ៉េខាងត្បូងមានដែនកំណត់ ក្នុងការផ្តល់ប្រភេទសព្វាវុធដល់អ៊ុយក្រែន ដោយមើលទៅលើស្ថានភាពសន្តិសុខ និងផលប៉ះពាល់ចំពោះជំហរយោធារបស់យើង»

គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងសេអ៊ូល ក៏បានបង្ហាញពីជំហរបដិសេធចំពោះការផ្តល់សព្វាវុធ ដល់អ៊ុយក្រែនម្តងរួចហើយដែរ ដោយផ្ទុយទៅវិញ កូរ៉េខាងត្បូងបានបញ្ជូនមួកការពារ, អាហាបំប៉ន, ភួយ, សម្ភារៈពេទ្យ និងតង់ គិតជាតម្លៃស្មើនឹង ៨០៤,០០០ដុល្លារ ឲ្យទៅអ៊ុយក្រែន ឆ្លើយតបសំណើសុំសព្វាវុធរបស់អ៊ុយក្រែន៕