(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចបន្តឲ្យមាន វត្តមានមន្រ្តីទូតរបស់ខ្លួន ប្រចាំទីក្រុងកៀវ ប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីបានផ្លាស់ប្តូរទៅកាន់ប្រទេសប៉ូឡូញជាបណ្តោះអាសន្ន ក្រោយការវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

ប្រធានគណៈប្រតិភូអឺរ៉ុប ទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក ម៉ាទី ម៉ាស់ស៊ីកាស (Matti Maasikas) រួមនិងមន្រ្តីកំពូលរបស់ EU ផ្សេងទៀត បានធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយនឹងបន្តស្ថិតនៅទីក្រុងកៀវ ដើម្បីវាយតម្លៃលើលក្ខខណ្ឌសម្រាប់មន្រ្តីទូតរបស់ខ្លួន ក្នុងការត្រឡប់មកវិញ។ ដោយឡែក ប្រមុខការទូតកំពូលរបស់អឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បាននិយាយថា វិធានការនេះ នឹងជួយបង្កើនទំនាក់ទំនង របស់ប្លុកអឺរ៉ុប ជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន។

គួរបញ្ជាក់ថា គណៈប្រតិភូអឺរ៉ុប ត្រូវបានជម្លៀសចេញពីទីក្រុងកៀវ ទៅកាន់ទីក្រុង ហ្សេសហ្សូវ (Rzeszow) របស់ប៉ូឡូញ ភ្លាមៗ បន្ទាប់ពីរុស្ស៉ីបញ្ជូនកម្លាំងចូលវាយប្រហារទឹកដីអ៊ុយក្រែន៕