(ប៉ារីស)៖ នៅចុងសប្ដាហ៍នេះ, ប្រជាជនបារាំងដែលបានចុះឈ្មោះបោះឆ្នោត ៤៨លាននាក់ នឹងត្រូវទម្លាក់សន្លឹកឆ្នោតរបស់ពួកគេដើម្បីជ្រើសរើសថាតើ នរណា នឹងត្រូវកាន់តំណែងជាប្រធានាធិបតីដឹកនាំប្រទេស ៥ឆ្នាំទៅមុខទៀត។ ការបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងអាណត្តិនេះកើតមានឡើងចំពេល ពិភពលោក ជាពិសេសអឺរ៉ុបទាំងមូលកំពុងជួបវិបត្តិធ្ងន់ធ្ងរ នោះគឺសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាឈ្លានពានជាលើក ដំបូងបំផុតនៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។

ការបោះឆ្នោតនេះក៏នឹងសម្រេចផងដែរថាតើប្រធានាធិបតីចាំផ្ទះ លោក អែមម៉ានុយអែល ម៉ាក្រុង នឹងទទួលបានឱកាសដឹកនាំប្រទេសបន្តទៀត ឬក៏បារាំងត្រូវប្ដូរមេដឹកនាំថ្មី។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ដែលគួរដឹងពីការបោះឆ្នោតប្រធានាធិបតីបារាំង៖

* តើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅពេលណា?
ការបោះឆ្នោតនៅក្នុងប្រទេសបារាំង គឺត្រូវរៀបចំឡើងនៅរៀងរាល់នៅថ្ងៃអាទិត្យ ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះទៀតសោត ត្រូវចែក ចេញជាពីរជុំ។ ជុំទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១០ ខែមេសានេះ ដើម្បីជម្រុះយកបេក្ខជនប្រធានាធិបតីតែ ២រូបគត់ ដែលនឹងត្រូវឡើងតតាំងគ្នាបន្ត នៅជុំទី២ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសានេះដដែល។

* តើនរណាខ្លះជាបេក្ខជនប្រធានាធិបតី?
ដើម្បីអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបារាំង, បេក្ខជនម្នាក់ត្រូវធ្វើយ៉ាងណាប្រមូលការគាំទ្រឱ្យបានចំនួន ៥០០នាក់ ពីមន្ត្រីជាប់ឆ្នោតប្រហែលជា ៤២,០០០នាក់ ហើយការគំាទ្រនេះត្រូវឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់ដោយក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការកំពូលបារាំងឱ្យបានមុនថ្ងៃទី៤ ខែមីនា។ បេក្ខជនប្រធានាធិបតីបារាំងនៅក្នុងឆ្នាំ២០២២នេះ មានចំនួន១២រូបដូចជា៖

១. លោកស្រី ណាតាលី អាតថូ (Nathalie Arthaud), មកពីគណបក្សលូតតិ៍ អ៊ូវ្រីយែរ (Lutte Ouvrière), និន្នាការប្រឆាំងមូលធននិយម (anti-capitalist)
២. លោក នីកូឡាស់ ឌុយប៉ុង-អេកញ៉ុង (Nicolas Dupont-Aignan), មកពីគណបក្សឌឺប៊ូ ឡា ហ្វ្រង់ (Debout la France), ស្ដាំនិយម (right)
៣. លោក យ៉ាននិក ហ្សាដូ (Yannick Jadot) (មកពីគណបក្សអឺរ៉ុបអេកូឡូស៊ី ឡេ វែរ (Europe Ecologie Les Verts), បៃតង (green)
៤. លោកស្រី អាន ហ៊ីដាល់ហ្គូ (Anne Hidalgo), មកពីគណបក្សសង្គមនិយម (Parti Socialiste), សង្គមនិយម (socialist)
៥. លោក ហ្សង់ ឡាសាល (Jean Lassalle), មកពីគណបក្សរ៉េស៊ីស្ដង់ (Résistons), ឯករាជ្យ (independent)
៦. លោកស្រី ម៉ារីន ឡឺ ប៉ែន (Marine Le Pen), មកពីគណបក្សរ៉ាស់សំប្លឺម៉ង់ ណាសូណាល់ (Rassemblement National), ស្ដាំនិយមជ្រុល (far right)
៧. លោក អែមម៉ានុយអែល ម៉ាក្រុង Emmanuel Macron មកពីគណបក្សឡា រ៉េពុយប្លីគ អង់ម៉ាក (La République en Marche) កណ្ដាលនិយម centrist)
៨. លោក ហ្សង់ លុច មេឡង់សុង (Jean-Luc Mélenchon), មកពីគណបក្សអ៊ុយនីញ៉ុង ប៉ុបពុយលែរ (Union Populaire), ឆ្វេងនិយមជ្រុស (radical left)
៩. លោកស្រី វ៉ាឡេរី ប៉េក្រេស (Valérie Pécresse), មកពីគណបក្ស ឡេ រ៉េពុយប្លីគកាំង (Les Républicains), អភិរក្សនិយម (conservative)
១០. លោក ហ្វីលីព ពូទូ (Philippe Poutou), មកពីគណបក្សនូវ៉ូ ប៉ាទី អង់ទីកាពីតាល់លីស (Nouveau Parti Anticapitaliste), ប្រឆាំងមូលធននិយម (anti-capitalist)
១១. លោក ហ្វាប៊ីយៀង រូសសែល (Fabien Roussel), មកពីគណបក្សប៉ាទីកុម្មុយនិស្ដហ្រ្វង់សេ (Parti Communiste Français) កុម្មុយនិស្ដ (communist)
១២. លោក អេរីក ហ្សេមមួរ (Eric Zemmour), មកពីគណបក្សរឺកង់កេត (Reconquête), ស្ដាំនិយម (far right)

* ការស្ទង់មតិនិយាយអ្វីខ្លះ?
បើតាមការស្ទង់មតិធ្វើឡើងដោយស្ថាប័ន សេវីប៉ូហ្វ (Cevipof), លោក ម៉ាក្រុង នឹងត្រូវតតាំងជាមួយលោកស្រី ម៉ារីន ឡឺ ប៉ែន នៅក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំងជុំទី២ នៅថ្ងៃទី២៤ ខែមេសានេះ។

ការស្ទង់មតិដដែលរបស់ Cevipof ដែលចុះផ្សាយលើកាសែតបារាំង ឡឺ ម៉ុង (Le Monde) នៅក្នុងសប្ដាហ៍នេះ បានឱ្យដឹងថាលោក ម៉ាក្រុងអាចនឹងផ្ដួល លោកស្រី ឡឺប៉ែន ដោយទទួលបានសំឡេងគំាទ្រ ២៦.៥ភាគរយ ទល់នឹង ២១.៥ភាគរយ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១០ ខែមេសានេះ។

បន្ថែមពីលើនេះ លោក ម៉ាក្រុង នៅតែអាចផ្ដួលលោកស្រី ឡឺពែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសានេះ ដោយនឹងទទួលបានសំឡេងគាំទ្រ ៥៤ភាគរយ ទលនឹង ៤៦ភាគរយ៕

ប្រភព៖ Politico, Al Jazeera (ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២)