(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្មលើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladirmir Putin) ដែលនេះដូចគ្នាទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បានប្រកាសពីការដាក់ទណ្ឌកម្ម ជាច្រើនដែលផ្តោតលើក្រុមឥស្សរជនដែលមានទ្រព្យសម្បត្តិរបស់ទីក្រុងមូស្គូ ក៏ដូចជាឧស្សាហកម្មសំខាន់ៗ និងការចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុ អន្តរជាតិជាដើម។

នៅក្នុងការធ្វើបច្ចុប្បន្នភាពលើបញ្ជីទណ្ឌកម្មរបស់ខ្លួន ចក្រភពអង់គ្លេសបានប្រកាសពីការសម្រេចបង្កកទ្រព្យសម្បត្តិរបស់កូនស្រីទាំងពីរនាក់ របស់ប្រធានាធិបតីរុស្ស៉ីផងដែរ គឺលោកស្រី កាតឺរីណា ទីគហូណូវ៉ា (Katerina Tikhonova) និងលោកស្រី ម៉ារីយ៉ា វ៉ូរ៉ុនសូវ៉ា (Maria Vorontsova)។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានប្រកាសដាក់ទណ្ឌកម្មលើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ីផងដែរ ដែលក្រុមមន្ត្រី អាមេរិកជឿថាកំពុងជួយលាក់ទ្រព្យសម្បត្តិរបស់លោក ពូទីន៕