(ព្រុចសែល)៖ នៅថ្ងៃសុក្រនេះ សហភាពអឺរ៉ុបបានអនុម័តជាផ្លូវការ នូវកញ្ចប់ទណ្ឌកម្មទី៥របស់ខ្លួន ប្រឆាំងលើប្រទេសរុស្ស៉ី ដោយក្នុងនោះរួមមានទាំងបម្រាមលើ ការនាំចូលធ្យូងថ្ម ឈើ សារធាតុគីមី និងផលិតផលជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

កញ្ចប់ទណ្ឌកម្មថ្មីខាងលើ ថែមទាំងរារាំងមិនឱ្យកប៉ាល់ និងរថយន្តដឹកទំនិញជាច្រើនរបស់រុស្ស៉ី អាចចូលទៅកាន់ EU បានទៀតឡើយ ដែលនឹងដាក់បន្ទុកកាន់តែខ្លាំងលើវិស័យពាណិជ្ជកម្មរុស្ស៉ី ហើយនឹងហាមឃាត់ការធ្វើប្រតិបត្តិការទាំងអស់ ជាមួយធនាគារចំនួន៤ របស់ប្រទេសរុស្ស៉ី។

សម្រាប់បម្រាមលើការនាំចូលធ្យូងថ្ម នឹងចូលជាធរមានពេញលេញ ចាប់ពីសប្តាហ៍ទីពីរ នៃខែសីហា។ ក្រៅពីនេះ ទណ្ឌកម្មរបស់ EU ក៏ដាក់បម្រាមលើការនាំចូលរបស់របរ និងផលិតផលជាច្រើនផ្សេងទៀត ពីប្រទេសរុស្ស៉ីផងដែរ រួមមានទាំងឈើ ស៉ីម៉ង់ ជីកសិកម្ម គ្រឿងសមុទ្រ និងគ្រឿងស្រវឹង ដែលគិតជាទឹកប្រាក់សរុបស្មើនឹង ៥.៩លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

តាមរយៈទណ្ឌកម្មថ្មីនេះ សហភាពអឺរ៉ុបក៏បានរឹតត្បិត ការនាំចេញទៅរុស្ស៉ីនូវផលិតផលជាច្រើន រួមមានទាំងឥន្ធនៈយន្តហោះ កុំព្យូទ័រ បន្ទះឈីប គ្រឿងអេឡិចត្រូនិច កម្មវិធី software គ្រឿងចក្រ និងបរិក្ខាដឹកជញ្ជូន ដែលគិតជាទឹកប្រាក់សរុបស្មើនឹងជិត ១១ពាន់លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា គណៈកម្មាការអឺរ៉ុបបានស្នើកញ្ចប់ទណ្ឌកម្មទី៥នេះឡើង កាលពីថ្ងៃទី០៥ ខែមេសា ក្រោយមានការចោទប្រកាន់ថា កងទ័ពរុស្ស៉ីបានប្រព្រឹត្តសកម្មភាពសម្លាប់ជនស៉ីវិលយ៉ាងរង្គាល និងទង្វើរំលោភសិទ្ធិមនុស្សអាក្រក់ៗផ្សេងទៀត នៅឯក្រុងប៊ូចា (Bucha) និងកន្លែងដទៃទៀត កំលុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន៕