(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធសព្វាវុធថ្មីៗបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការណាតូ (NATO) បានយល់ព្រមក្នុងការពន្លឿនការចែកចាយអាវុធ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។
ក្រោយត្រូវបានទទូចដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូលេបា (Dmytro Kuleba) ឱ្យបញ្ចប់ភាពយឺតយ៉ាវនៃការ ជួយផ្គត់ផ្គង់សព្វាវុធ លោក Antony Blinken បានបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងប្រទេសចំនួន៣០ ផ្សេងទៀត បាននិងកំពុងបញ្ជូនអាវុធឱ្យប្រទេសអ៊ុយក្រែន ហើយដំណើរការនេះនឹងត្រូវពន្លឿនឱ្យកាន់តែខ្លាង។
លោក Antony Blinken បានបន្ថែមថា «យើងនឹងមិនអនុញ្ញាតឱ្យមានអ្វីនៅឈរបាំងផ្លូវ ដើម្បីផ្ដល់ឱ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ ឡើយ»។ លោក Blinken បាននិយាយអំពី «ប្រព័ន្ធថ្មីៗ» ដែលមកទល់ពេលនេះ មិនទាន់ត្រូវបានប្រគល់ឱ្យដោយសម្ព័ន្ធមិត្ត NATO ប៉ុន្តែលោកមិនបានប្រាប់លម្អិតនោះទេ។ កន្លងមក សហរដ្ឋអាមេរិក បានយល់ព្រមរួចហើយក្នុងការបញ្ជូនប្រព័ន្ធប្រឆាំងយន្តហោះ អាវុធប្រឆាំងរថក្រោះ និងរថពាសដែកទៅកាន់ទីក្រុងកៀវ។
កំលុងកិច្ចប្រជុំពិសេសមួយនៅទីស្នាក់ការអង្គការណាតូ ក្នុងសប្តាហ៍នេះ លោក Kuleba បានស្នើសុំយន្តហោះចម្បាំង រថពាសដែក មីស៉ីលប្រចាំនាវា និងប្រព័ន្ធការពារដែនអាកាស ពីក្រុមប្រទេសលោកខាងលិច។ លោក Kuleba បាននិយាយថា «ខ្ញុំគិតថា អ្វីអ៊ុយក្រែនផ្តល់ឱ្យទៅវិញ គឺយុត្តិធម៌ណាស់។ អ្នកផ្តល់ឱ្យយើងនូវសព្វាវុធ យើងលះបង់ជីវិតរបស់យើង ហើយសង្រ្គាមត្រូវបានគ្រប់គ្រងនៅត្រឹមក្នុងប្រទេសអ៊ុយក្រែន»។
គួរបញ្ជាក់ថា បន្ទាប់ពីរយៈពេល ៦សប្តាហ៍នៃសង្រ្គាមដែលទីក្រុងម៉ូស្គូបានពិពណ៌នាថាជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន, អ៊ុយក្រែនបាននិយាយថា រុស្ស៊ីនៅតែបន្តវាយលុកតំបន់ភាគខាងកើត បន្ទាប់ពីការដកកងកម្លាំងរបស់ខ្លួន ចេញពីជុំវិញទីក្រុង Kyiv៕