(វ៉ាស៊ីនតោន)៖ លោកស្រី កេតាន់ជី ប្រោន ជេកសុន (Ketanji Brown Jackson) ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តទទួលនៅថ្ងៃព្រហស្បតិ៍នេះ ជាស្រ្តីស្បែកខ្មៅដំបូងគេ ដែលបានក្លាយជាចៅក្រមមួយរូប នៅក្នុងតុលាការកំពូលអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។
ការបោះឆ្នោតជ្រើសរើសចៅក្រមវ័យ៥៣ឆ្នាំរូបនេះ សម្រាប់តំណែងមួយជីវិត នៅឯស្ថាប័នយុត្តិធម៌កំពូលរបស់អាមេរិកនេះ គឺត្រូវបានធ្វើឡើង ជាមួយសំឡេងគាំទ្រចំនួន៥៣ ទល់នឹងសំឡេងប្រឆាំងចំនួន៤៧។
លោក Biden បានមើលការបោះឆ្នោតតាមកញ្ចក់ទូរទស្សន៍ ពីសេតវិមាន និងបានបង្ហោះនៅលើ Twitter របស់លោកថា «ជ័យជម្នះរបស់ចៅក្រម Jackson គឺជាប្រវត្តិសាស្ត្រសម្រាប់ជាតិរបស់យើង, យើងបានបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកការធ្វើឱ្យតុលាការកំពូលរបស់យើង ឆ្លុះបញ្ចាំងពីភាពចម្រុះរបស់អាមេរិក, លោកស្រីនឹងតំណាងឲ្យភាពយុត្តិធម៌ដ៏អស្ចារ្យ ហើយខ្ញុំពិតជាមានមោទនភាពចំពោះវត្តមានរបស់លោកស្រី»។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតកន្លងទៅ លោក បៃដិន ធ្លាប់បានសន្យាថា នឹងធ្វើឲ្យសវតារបស់មន្រ្តីតុលាការសហព័ន្ធ មានភាពទូលំទូលាយ។ ក្នុងចំណោមមនុស្សចំនួន១១៥នាក់ ដែលបានបម្រើការនៅតុលាការកំពូលអាមេរិក ចាប់តាំងពីការបង្កើតឡើងឆ្នាំ១៧៨៩ គឺមានតែ៣នាក់ប៉ុណ្ណោះ ដែលមិនមែនជាជនជាតិស្បែកស។ ដោយក្នុងនោះជនជាតិស្បែកខ្មៅពីរនាក់ គឺលោក ក្លារ៉ែន ថមម៉ាស់ (Clarence Thomas) ដែលបានចូលនិវត្តន៍ឆ្នាំ១៩៩១ និងលោក ធូហ្គោដ ម៉ាស់សល (Thurgood Marshall) ដែលបានទទួលមរណភាព នៅឆ្នាំ១៩៩៣។ លោកស្រី Jackson នឹងក្លាយជាចៅក្រមស្ត្រីទី៦ នៅតុលាការកំពូលអាមេរិក ហើយនឹងជាលើកដំបូងបំផុត ដែលស្ថាប័ននេះ មានចៅក្រមស្រ្តី៤នាក់ បំពេញការងារព្រមគ្នា៕