(ឡុងដ៍)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រសិនបើហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាសមាជិក NATO នោះរុស្ស៉ីនឹង «ថ្លឹងថ្លែងតុល្យភាពស្ថានភាពឡើងវិញ» ដោយមធ្យោបាយផ្ទាល់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍អង់គ្លេស Sky News, លោក ប៉េសកូវ បានសង្កត់ធ្ងន់ដូច្នេះថា «បើប្រទេសទាំង២ បានចូលជាសមាជិក NATO មែន នោះយើង នឹងធ្វើឱ្យយោធានៅតាមតំបន់បណ្ដោយព្រំដែនប៉ែកខាងលិចរបស់យើងកាន់តែទំនើប ដើម្បីការពារសន្តិសុខរបស់យើង»។ អ្នកនាំពាក្យ វិមានក្រឹមឡាំងរូបនេះមិនបានលម្អិតថាតើអ្វីទៅជាការ «ថ្លឹងថ្លែងតុល្យភាពស្ថានភាពឡើងវិញ» នោះទេ ប៉ុន្តែបានអះអាងថារុស្ស៉ីនឹងមិនចាត់ទុកថា ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត ជាការគំរាមកំហែងពីខាងក្រៅ រហូតដល់ថ្នាក់ត្រូវពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះឡើយ។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែនបានបង្ខំឱ្យហ្វាំងឡង់ និងស៊ុយអែតកាន់តែពន្លឿនការសុំចូលជាសមាជិក NATO ហើយកាលពីពេលថ្មីៗនេះ អគ្គលេខាធិការបក្សសម្ព័ន្ធយោធាមួយនេះក៏បាននិយាយដែរថា បើប្រទេសទាំងពីរដាក់ពាក្យស្នើសុំចូលជាសមាជិក នោះសមាជិក NATO នឹងទទួលស្វាគមន៍៕