(ឡុងដ៍)៖ រុស្ស៊ី នៅតែចង់បន្តរក្សាទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចដដែល បើទោះជាបណ្ដាប្រទេសអឺរ៉ុបនាំគ្នាបណ្ដេញ មន្ត្រីទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេជាបន្តបន្ទាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Interfax ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើការស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចហ្សាន់ឌឺ ហ្រ្គូស្កូ (Alexander Grushko) ដែលបានលើកឡើងនៅថ្ងៃពុធនេះ។ លោក ហ្រ្គូស្កូ ក៏បានបញ្ជាក់ដែរថាបណ្ដាប្រទេសអឺរ៉ុប បានបង្កការរំខានដល់កិច្ចការរបស់មន្ត្រីទូតរុស្ស៊ី តែវាក៏អាចនឹងបំផ្លាញដល់ផលប្រយោជន៍អឺរ៉ុបដូចគ្នាដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ, បារាំង អាល្លឺម៉ង់ ដាណឺម៉ាក ស៊ុយអែត អេស្ដូនី និងស្លូវេនី បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពី ប្រទេសរបស់ពួកគេ ក្រោមហេតុផលសន្តិសុខជាតិ និងចោទថាមន្ត្រីទូតរុស្ស៊ីទាំងនេះដើរតួនាទីជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឱ្យមូស្គូ៕