(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នាថ្ងៃពុធនេះ បាននិយាយថា ការចូលរួមរបស់អូស្រ្តាលី ក្នុងការងារអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេង ជាមួយដៃគូសន្ធិសញ្ញារួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាផ្នែកមួយនៃ កិច្ចប្រឹងប្រែងដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។
លោក Morrison បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងស៉ីដនីថា មីស៉ីលល្បឿនលឿនជាងសំឡេង ដូចគ្នានឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យាដែរ គឺបច្ចេកវិទ្យាគន្លឹះមួយ នៅក្នុងវិស័យយោធាសម័យទំនើប ហើយអូស្រ្តាលីចង់ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ឱ្យកាន់តែរឹងមាំខ្លាំង។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានសង្កត់ធ្ងន់ដូច្នេះថា «យើងធ្វើបែបនេះ គឺដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនអូស្រ្តាលី ដើម្បីបង្កើតតុល្យភាព និងភាពប្រាកដប្រជាផ្នែកយុទ្ធសាស្រ្តនៅតំបន់របស់យើង។ មូលហេតុនៅពីក្រោយ ការវិនិយោគលើរបស់ទាំងអស់ គឺដើម្បីបង្កើតបរិស្ថានប្រកបដោយសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់របស់យើង មិនមែនដោយសារតែជម្លោះ ឬសង្រ្គាមនោះឡើយ»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អូស្រ្តាលី អង់គ្លេស និងអាមេរិក បានប្រកាសពីការឯកភាពរួមសហការគ្នា ក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង និងសមត្ថភាពសង្រ្គាមអេឡិចត្រូនិច នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS ដែលប្រទេសទាំង៣ បានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ ជាមួយគោលដៅចម្បងជួយអូស្រ្តាលី អភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ក្រៅពីនេះ អូស្រ្តាលីក៏បានដាក់ចេញផែនការ ដើម្បីបង្កើតទំហំនៃកងកម្លាំងការពារជាតិ, ពន្លឿនគម្រោងទិញ មីស៉ីល និងបញ្ជាទិញរថក្រោះថ្មីៗផងដែរ ដែលជាផ្នែកនៃការបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួន៕