(ប៊ុយការ៉េស)៖ ប៉ូលិសរ៉ូម៉ានី បានរាយការណ៍ឱ្យដឹងថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានបើករថយន្តបុកខ្លោងទ្វារស្ថានទូតរុស្ស៉ី នៅរដ្ឋធានីប៊ុយការ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២១។
វីដេអូដែលថតបានមុនពេល ក្រុមពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុ បានបង្ហាញឱ្យឃើញថា ផ្នែកខាងមុខនៃរថយន្តនោះ បានរងការឆាបឆេះ ខណៈវានៅជាប់នៅនឹងខ្លោងទ្វារស្ថានទូតរុស្ស៉ី។ យ៉ាងណាក្តី ភ្លាមៗបែបនេះ វាមិនទាន់ច្បាស់ថា ហេតុការណ៍ខាងលើ ជាគ្រោះថ្នាក់ចៃដន្យ ឬក៏ជាសកម្មភាពប្រព្រឹត្តទៅដោយចេតនានោះទេ។
កំលុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានទូតរុស្ស៉ីជាច្រើនកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុប បានក្លាយជាគោលដៅនៃក្រុមបាតុករ ដែលខឹងសម្បារដោយសារ ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ជុំវិញហេតុការណ៍នេះ ប៉ូលិសបានប្រាប់ថា ពួកគេកំពុងបើក ការស៊ើបអង្កេត ប៉ុន្តែមិនបានបញ្ចេញអត្តសញ្ញាណ អ្នកបើកបររថយន្តនោះទេ។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋាភិបាលរ៉ូម៉ានីបាននិយាយថា ខ្លួននឹងបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន១០រូប ដែលមិនអនុវត្តសកម្មភាពស្របតាមច្បាប់អន្តរជាតិ ខណៈវាជាការចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការធ្វើដូច្នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រជាជនអ៊ុយក្រែនជិត ៦២៤,៨៦០នាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសរ៉ូម៉ានី ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើប្រទេសរបស់ពួកគេ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយប្រហែល៨០,០០០នាក់ កំពុងស្ថិតនៅក្នុងរ៉ូម៉ានីនៅឡើយ៕