(យូអិន)៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស់ស៊ីលី ណេបេនយ៉ា (Vasily Nebenzya) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះថា គោលដៅរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺដើម្បីសម្រេចឲ្យបាននូវសន្តិភាព ក្នុងតំបន់ Donbass ដែលរងការហែកហួរដោយសង្រ្គាម មិនមែនដើម្បីដណ្តើម

យកទឹកដីអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

ថ្លែងទៅកាន់លោក វ៉ូឡូឌីមៀ ហ្សេលេស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, លោក Nebenzya បានគូសបញ្ជាក់ថា «ខ្ញុំគ្រាន់តែចង់ឲ្យលោកពិចារណាឡើងវិញ ហើយសង្ឃឹមថាយើងនឹងរកឃើញដំណោះស្រាយ ចំពោះស្ថានភាពនេះ ព្រោះគ្រប់យ៉ាងវាអាស្រ័យលើការសម្រេចចិត្តរបស់លោក។ យើងគ្មានបំណងយកទឹកដីអ៊ុយក្រែនទេ តែយើងចង់បានសន្តិភាពដែលទន្ទឹងរង់ចាំជាយូមកហើយ នៅក្នុងតំបន់ដុនបាស់ និងមិនមែនជាបទឈប់បាញ់ ប៉ុន្តែជាសន្តិភាព
ពិតប្រាកដយូអង្វែង»

លោក Nebenzya បានបន្ថែមថា «ដើម្បីសម្រេចគោលដៅនោះ វាចាំបាច់ដែលត្រូវតែកំចាត់ចោលនូវសកម្មភាពឃោរឃៅទាំងឡាយ ដូចដែលខ្ញុំធ្លាប់បានលើកឡើង ហើយកម្ទេចដុំមហារីក ដែលកំពុងលេបត្របាក់អ៊ុយក្រែន ហើយបន្ទាប់មកនឹងចាប់ផ្តើមលេបត្របាក់រុស្ស៉ី ថែមទៀត។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេស ដើម្បីរំដោះតំបន់ដុនបាស់។ ជម្លោះនេះបានអូសបន្លាយរយៈពេលជាង ១ខែ មកហើយ ខណៈទីក្រុងមូស្គូកំពុងរងការចោទប្រកាន់ពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងករណីជនស៉ីវិលរាប់រយនាក់ស្លាប់ នៅឯក្រុង ប៊ូឆា ក្បែររដ្ឋធានីកៀវរបស់អ៊ុយក្រែន៕