(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អត្ថបទមួយច្បាប់នៃកាសែត «The Times» អង់គ្លេសបានដកស្រង់ អ្វីដែលហៅថា «ប្រភពព័ត៌មានស៊ើបការណ៍របស់អាមេរិក» ដោយបានអះអាងថា ប្រទេសចិនបានបំផុស «ការវាយប្រហារពីបណ្តាញអ៊ីនធើណេតទ្រង់ទ្រាយធំ» ទៅលើសំណង់យោធានិងនុយក្លេអ៊ែររបស់អ៊ុយក្រែន នៅមុននឹងប្រតិបតិ្តការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កាសែតនេះក៏បានអះអាងដែរថា ការចោទប្រកាន់ពាក់ព័ន្ធនេះ បានមកពីទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន។

សូមបញ្ជាក់ថា ពាក្យភូតកុហកនេះបានប្រឌិតឡើងហួសហេតុពេក! ដូច្នេះ ទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន បានបំភ្លឺនិងបដិសេធពាក្យចចាមអារ៉ាមទាំងនេះភ្លាមៗ តាមរយៈបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយបានលើកឡើងថា ទីភ្នាក់ងារខ្លួនមិនបានផ្តល់ព័ត៌មានខាងលើដល់ ប្រព័ន្ធសារព័ត៌មានណាមួយទេ ហើយក៏គ្មានទិន្នន័យពាក់ព័ន្ធទេ ក៏ដូចជាមិនបានធ្វើការស៊ើបអង្កេត ចំពោះករណីនេះផងដែរ។ ហេតុនេះហើយ អ្វីដែលហៅថា «ការសន្និដ្ឋាននៃការស៊ើបអង្កេត» របស់កាសែត The Times គ្មានទំនាក់ទំនងអ្វីជាមួយនឹងទីភ្នាក់ងារនេះនោះទេ។ វាមិនខុសអ្វីពីការលាតត្រដាងម្តងហើយម្តងទៀត ចំពោះអ្នកនយោបាយអាមេរិក និងប្រព័ន្ធសារព័ត៌មានលោកខាងលិច ដែលបានរួមគ្នាសម្តែងឆាកល្ខោននោះទេ !

តាមពិតទៅ បើនិយាយអំពីការវាយប្រហារពីបណ្តាញអ៊ីនធើណេត សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅពីក្រោយពិតប្រាកដ ចំណែកប្រទេសចិនវិញ ជាអ្នករងគ្រោះសំខាន់មួយ នៃការវាយប្រហារពីបណ្តាញអ៊ីនធើណេត។ នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ តាមបណ្តាញអ៊ីនធើណេតជាតិចិន បានធ្វើតេស្តហើយបានរកឃើញថា ចាប់ពីចុងខែកុម្ភៈ ឆ្នាំនេះមក អង្គការបរទេសបានវាយប្រហារនិងគ្រប់គ្រងកុំព្យូទ័រក្នុងប្រទេសចិន ដើម្បីធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ទៅលើប្រទេសរុស្ស៊ី អ៊ុយក្រែននិងបេឡារុស។ តាមរយៈការធ្វើវិភាគ អាសយដ្ឋានវាយប្រហារទាំងនេះ ភាគច្រើនបានមកពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន អតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ធ្លាប់អំពាវនាវជាសាធារណៈ ឲ្យធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទៅលើរុស្ស៊ី។

គួរបញ្ជាក់ដែរថា ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ហើយថា ព័ត៌មានពាក់ព័ន្ធស្តីពីប្រទេសចិន «ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណេត» ទៅលើអ៊ុយក្រែន គ្រាន់តែជាមធ្យោបាយថ្មីបំផុតរបស់អាមេរិក និងលោកខាងលិច សម្រាប់ទម្លាក់កំហុសឱ្យប្រទេសចិន ក្រោមលេសវិបតិ្តអ៊ុយក្រែនប៉ុណ្ណោះ ហើយក៏ជាពាក្យចចាមអារ៉ាមដ៏សុទ្ធសាធផងដែរ។ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅពេលមុននិងក្រោយនៃការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធប្រទេសចិនឥតឈប់ឈរ។ ក្នុងនោះ បូករួមទាំងមួលបង្កាច់ចិនថា ភាគីចិនដឹងជាមុនចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ី ហើយបានប្រឌិតពាក្យចចាមអារ៉ាមថា ចិនប្រហែលនឹងផ្តល់ជំនួយផែ្នកយោធានិងសេដ្ឋកិច្ចចំពោះរុស្ស៊ី នេះជាការមួលបង្កាច់របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិនសុទ្ធសាធ ឯប្រទេសប៉ែកខាងលិចក៏ធ្វើតាមអាមេរិកដែរ។ ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីមួលបង្កាច់ និងលាបពណ៌ទៅលើចិន គឺក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន អុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី ព្រមទាំងបង្វែរទំនាស់ទៅខាងក្រៅ ដើម្បីឆក់យកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ កាន់តែច្រើនពីភាពចលាចលនៅលើពិភពលោក។

ទង្វើរបស់អាមេរិកបែបនេះគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ។ ហេតុនេះហើយ កលល្បិចចាស់ៗដែលអ្នកនយោបាយអាមេរិក តែងតែប្រើប្រាស់មិនបាច់យកមកបញ្ចេញនៅមុខពិភពលោកទៀតទេ! ការធ្វើរឿងល្ងង់កាន់តែច្រើន ការបោកបញ្ឆោតក៏កាន់តែមិនអាចទទួលបានប្រសិទ្ធភាព។ បើសិនជាពួកគេមិនបញ្ឈប់ ការសម្តែងឆាកល្ខោនដ៏អាក្រក់បែបនេះ នោះកេរ្តិ៍ឈ្មោះរបស់ពួកគេនឹងត្រូវអាប់យសទាំងស្រុង!