(ស្លូវេនី)៖ ក្រសួងការបរទេសស្លូវេនីបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្តបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣៣នាក់ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន និងការថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
ក្រសួងការបរទេសនៃសាធារណរដ្ឋស្លូវេនី បានកោះហៅឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី លោក Timur Eyvazov ដើម្បីសម្តែងការខកចិត្ត និងការតវ៉ាយ៉ាងខ្លាំងបំផុត ចំពោះភស្តុតាងច្បាស់លាស់ដែលថា កងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប្រជាជនស៊ីវិលនៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសអ៊ឺរ៉ុបផ្សេងទៀតជាច្រើន ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយមន្ត្រីរុស្ស៊ី ក្នុងនោះមានដូចជាប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងអ៊ីតាលីជាដើម៕