(ស៊ុយអែត)៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសស៊ុយអែតនឹងបណ្តេញអ្នកការទូតរុស្ស៊ីចំនួនបីនាក់ ពីបទធ្វើចារកម្ម ដោយចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដែលបានបណ្តេញអ្នកការទូតរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
លោក Linde បានប្រាប់អ្នកយកព័ត៌មានថា «ការបណ្តេញចេញនេះ គឺដោយសារតែក្រុមមន្ត្រីការទូតរុស្ស៊ីទាំងនោះមិនបានអនុវត្តតាមអនុសញ្ញាទីក្រុងវីយែន ហើយពួកគេកំពុងធ្វើប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់»។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបជាច្រើនដូចជា ប្រទេសបារាំង បែលហ្ស៊ិក និងហូឡង់ជាដើម នាពេលថ្មីៗនេះបានបណ្តេញអ្នកការទូតរុស្ស៊ី ពីបទចារកម្ម៕