(កូប៉ិនហាក)៖ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយការបរទេសនៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បានប្រកាស ពីការបណ្តេញបុគ្គលិកការទូតរុស្ស៊ីចំនួន ១៥រូបចេញពីប្រទេស ដោយចោទប្រកាន់ពួកគេថាជា «មន្ត្រីស៊ើបការណ៍សម្ងាត់»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅដាណឺម៉ាក លោក វ្ល៉ាឌីមៀ បាប៊ីន ត្រូវបានគេជូនដំណឹងមុននេះ ឱ្យបណ្តេញ «មន្រ្តីស៊ើបការណ៍សម្ងាត់ដែលធ្វើការនៅស្ថានទូតរុស្ស៊ីនៅទីក្រុងកូប៉ិនហាកនៃប្រទេសដាណឺម៉ា»។
ក្រសួងការបរទេសដាណឺម៉ាកបានគូសបញ្ជាក់ថា មន្ត្រីដែលត្រូវបានបណ្តេញចេញមានពេល១៤ថ្ងៃ ដើម្បីចាកចេញពីប្រទេសរបស់ខ្លួន។
ស្ថានទូតរុស្ស៊ីប្រចាំនៅដាណឺម៉ាកបដិសេធ ចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ជាទង្វើមានគោលបំណងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនថែមមួយកម្រិតទៀត។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់សារព័ត៌មាន Sputnik ថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការសងសឹកប្រឆាំងនឹងដាណឺម៉ាក ជុំវិញការបណ្តេញមន្ត្រីការទូតរបស់ខ្លួន៕