(ហ្សឺណែវ)៖ អភិបាលក្រុងកៀវ (Kyiv) លោក វីតាលី ឃ្លីតស្កូ (Vitali Klitschko) បានស្នើឱ្យក្រុមអ្នកនយោបាយអឺរ៉ុប កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ទាំងអស់ជាមួយទីក្រុងមូស្គូ ដោយនិយាយថារាល់ការបង់ប្រាក់ទៅឱ្យរុស្ស៊ី គឺជា «លុយប្រឡាក់ឈាម»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

លោក Vitali Klitschko បានថ្លែងតាមរយៈវីដេអូ ភ្ជាប់ទៅកាន់សន្និសីទអភិបាលក្រុង រៀបចំឡើងក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីសថា «រាល់ ប្រាក់អឺរ៉ូ រាល់កាក់សេន ដែលអ្នកទទួលបានពីប្រទេសរុស្ស៊ី ឬដែលអ្នកផ្ញើទៅប្រទេសរុស្ស៊ី គឺមានប្រឡាក់ឈាមឈាម ហើយឈាមនៃប្រាក់នេះ គឺជាឈាមរបស់ប្រជាជនអ៊ុយក្រែន»

នៅក្នុងការថ្លែងសុន្ទរកថាដដែល លោក Klitschko ក៏បានលើកឡើងផងដែរពី «ការប្រល័យពូជសាសន៍លើជនជាតិអ៊ុយក្រែន» ក្នុងទីក្រុងប៊ូចា (Bucha) ក្រោយការប្រទះឃើញសាកសពជនស៊ីវិលជាច្រើននាក់។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងទីក្រុងប៊ូចា (Bucha) បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv ក្នុងនោះមានសាកសពជនស៉ីវិលចំនួន ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕