(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឹរ៉ុប តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំងថា ចិននិងអឺរុបត្រូវធ្វើជាកម្លាំងធំទាំងពីរ សម្រាប់គាំពារសន្តិភាពពិភពលោក ត្រូវយកស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប មកឆ្លើយតបនឹងភាពមិនប្រាកដប្រជា របស់ស្ថានភាពអន្តរជាតិ។

សន្តិភាពគឺជាលក្ខខណ្ឌអាទិភាពនៃការអភិវឌ្ឍ។ ចំពោះវិបត្តអ៊ុយក្រែន ចិននិងអឺរ៉ុបមានតម្រូវការខាងសន្តិភាពដូចគ្នា។ ជាពិសេស អឺរ៉ុបមានការចាប់អារម្មណ៍ជ្រាលជ្រៅបំផុតថា ការដោះស្រាយវិបត្តអ៊ុយក្រែនដោយសន្តិវិធី វាសមស្របនឹងផលប្រយោជន៍ ជាគន្លឹះរបស់អឺរ៉ុប។ ក្នុងការជួបចរចារតាមប្រព័ន្ធ វីដេអូលើកនេះ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវមតិ៤ចំណុច ស្តីអំពីការដោះស្រាយវិបត្តអ៊ុយក្រែនម្តងទៀត ដោយសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវការជំរុញការចរចារដោយសន្តិវិធី ត្រូវបង្ការកុំអោយកើតមានវិបត្តមនុស្សធម៌ ក្នុងទ្រង់ទ្រាយកាន់តែធំ ត្រូវបង្កើតសន្តិភាពយូអង្វែងនៃអឺរ៉ុបនិងអឺរ៉ាស៊ី ត្រូវបង្ការមិនអោយការប៉ះទង្គិចកាន់តែធំឡើង។

មតិ៤ចំណុចនេះ មិនត្រឹមតែបានយកចិត្តទុកដាក់លើការដោះស្រាយវិបត្ត នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏ផ្តោតសំខាន់ទៅលើសន្តិសុខយូរអង្វែងរបស់អឺរ៉ុប និងភាពនឹងនររបស់ស្ថានការណ៍ពិភពលោកផងដែរ ដែលបានបង្ហាញអោយឃើញគោលជំហរជា គោលការណ៍តែមួយជាប់រហូតរបស់ភាគីចិន ក្នុងបញ្ហាអ៊ុយក្រែន។

ក្នុងនាមជាទីផ្សារធំទាំងពីរពិភពលោក កិច្ចសហប្រតិបត្តិការដោយបើកចំហរវាងចិននិងអឺរ៉ុប នឹងនាំមកកត្តាស្ថិរភាពកាន់តែច្រើន ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុបជាលើកដំបូង នៅឆ្នាំ២០២០មក នៅឆ្នាំ២០២១ ទំហំសរុបនៃការនាំចេញនាំចូលរវាងចិន និងសហភាពអឺរ៉ុប បានឡើងដល់៨២៨.១ពាន់លាន លានដុល្លារអាមេរិក ដែលបានកើនឡើង ២៧.៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

តាមរបាយការណ៍នៃការស្ទង់ជំនឿចិត្តពាណិជ្ជកម្មឆ្នាំ២០២១ ដែលសភាពាណិជ្ជកម្មចិននិងសហភាពអឺរ៉ុប បានប្រកាស បានបង្ហាញអោយឃើញថា សហគ្រាសសហភាពអឺរ៉ុបនៅប្រទេសចិនចំនួន៦៨ភាគរយ មានអាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះកំណើនអាជីវកម្ម ដែលកើនឡើង២០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២០។

ក្នុងការជួបចរចារតាមវីដេអូលើកនេះ ភាគីចិនបានលើកឡើងថា នឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេ នូវការធ្វើកំណែទម្រង់អោយកាន់តែស៊ីជម្រៅ ពង្រីកការបើកចំហ ស្វាគមន៍សហគ្រាសអឺរ៉ុបមក វិនិយោគនៅប្រទេសចិន ក្នុងពេលជាមួយគ្នានេះ រំពឹងទុកថា ភាគីអឺរ៉ុបអាចផ្តល់បរិយាកាសដែលប្រកបដោយយុត្តធម៌ តម្លាភាពនិងលក្ខណៈមិនរើសអើង សម្រាប់សហគ្រាសចិនទៅ វិនិយោគនិងអភិវឌ្ឍន៍នៅអឺរ៉ុប។

ចំពោះគំនិតផ្តួចផ្តើមរបស់លោក Xi Jinping អ្នកដឹកនាំអឺរ៉ុប បានឆ្លើយតបយ៉ាងសកម្ម ដោយបានបង្ហាញថា រីករាយចិត្តធ្វើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យអោយកាន់តែស៊ីជម្រៅជាមួយភាគីចិន ដើម្បីធ្វើការខិតខំប្រឹងប្រែង ក្នុងការជំរុញសន្តិភាព កំណើនសេដ្ឋកិច្ចនិងភាពរុងរឿងថ្កុំថ្កើងរួមគ្នារបស់ពិភពលោក។ ទាក់ទននឹងបញ្ហាអ៊ុយក្រែន ភាគីទាំងពីរចិននិងអឺរ៉ុប បានឈានដល់ការឯកភាពសំខាន់ៗ ពោលគឺប្រកាន់ខ្ជាប់ការចរចារដោយសន្តិភាព និងប្រកាន់ខ្ជាប់នូវដំណោះស្រាយបញ្ហាតាមផ្លូវការទូត។

យើងអាចព្យាករណ៍ថា ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តការរវាងចិននិងអឺរ៉ុប ដែលជាកម្លាំងធំទាំងពីរ ទីផ្សារធំទាំងពីរនិងជាអរិយធម៌ធំទាំងពីរនេះ នឹងបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក នេះហើយក៏ជាអត្ថន័យសំខាន់ជាងគេ របស់ការជួបចរចារលើកនេះផងដែរ៕