(កង់បេរ៉ា)៖ អូស្រ្តាលីបានសម្រេចពន្លឿនផែនការ ឱ្យលឿនជាងការគ្រោងទុករាប់ឆ្នាំ ក្នុងការទិញមីស៉ីលដែលមានសមត្ថភាពវាយប្រហារ នៅរយៈចម្ងាយឆ្ងាយៗជាងមុន ក្រោមហេតុផលថា ការគំរាមកំហែងកំពុងតែរីកធំឡើងៗ ពីសំណាក់ប្រទេសចិនហើយនិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក ភីតឺ ឌូតុន (Peter Dutton) នៅថ្ងៃអង្គារនេះ បាននិយាយថា ការពន្លឿនផែនការបំពាក់អាវុធថ្មីៗ ឱ្យក្រុមយន្តហោះចម្បាំងក៏ដូចជានាវាចម្បាំង នឹងត្រូវចំណាយថវិកា៣.៥ពាន់លានដុល្លារអូស្រ្តាលី ស្មើនឹង២.៦ពាន់លានដុល្លារអាមេរិក ហើយវានឹងជួយបង្កើនសមត្ថភាពទប់ទល់របស់អូស្រ្តាលី ចំពោះគូសត្រូវនានា ដែលអាចលេចមុខឡើង នាពេលអនាគត។
លោក Dutton បានលើកឡើងដូច្នេះថា «កន្លងមកមានការសន្និដ្ឋានថា ចិនអាចនឹងឈ្លានពានលើតៃវ៉ាន់ នៅខ្ទង់ទសវត្សរ៍ឆ្នាំ២០៤០ ប៉ុន្តែខ្ញុំគិតថា ចន្លោះពេលវេលានោះ ឥឡូវគឺអាចកាន់តែឆាប់ថែមទៀត។ ដោយឡែក នៅពេលយើងមើលចំពោះអ្វីដែលបានកើត ឡើងនៅអ៊ុយក្រែន វាមានលទ្ធភាពថា រុស្ស៉ីអាចនឹងវាយលុកលើប៉ូឡូញ ឬប្រទេសផ្សេងទៀតនៅអឺរ៉ុប។ វានឹងជាប្រវត្តិសាស្រ្តចំដែល ដូចកាលពីទសវត្សរ៍ឆ្នាំ១៩៣០ ដែលជារឿងយើងទាំងអស់គ្នា មិនគួរអនុញ្ញាតឱ្យកើតឡើងនោះឡើយ»។
គួរបញ្ជាក់ថា នៅក្រោមកាលវិភាគថ្មី យន្តហោះចម្បាំង F-18F Super Hornet របស់អូស្រ្តាលី នឹងត្រូវបំពាក់មីស៉ីល JASSM-ER ផលិតដោយសហរដ្ឋអាមេរិក ដែលមានចម្ងាយវាយប្រហារឆ្ងាយជាងមុន នៅឆ្នាំ២០២៤ គឺ៣ឆ្នាំលឿនជាងផែនការកន្លងមក ។ រីឯនាវាចម្បាំងប្រភេទ ANZAC Class និង Hobart Class របស់អូស្រ្តាលី នឹងត្រូវបំពាក់ជាមួយមីស៉ីល Kongsberg NSM ដែលផលិតដោយប្រទេសន័រវែស នៅឆ្នាំ២០២៤ គឺ៥ឆ្នាំលឿនជាងគម្រោងកន្លងមក៕