(ហ្សាកាតា)៖ រដ្ឋមន្រ្តីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ី លោក ណាឌៀម ម៉ាការីម (Nadiem Makarim) បានច្រានចោល ការលើកឡើងរបស់ម៉ាឡេស៊ី ដែលបានស្នើឲ្យមានការយកភាសាម៉ាឡេ ធ្វើជាភាសាទីពីររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ម៉ាការីម បានលើកឡើងថា «អ្វីដែលអាចធ្វើទៅបានគឺការពិចារណាចាត់ទុកភាសាឥណ្ឌូណេស៊ី ជាភាសារបស់អាស៊ាន ដោយផ្អែកលើប្រវត្តិសាស្រ្ត, ច្បាប់ និង ដើមកំណើតនៃភាសា ហើយក្នុងនាមខ្ញុំជារដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យា សូមបដិសេធនូវសំណើររបស់ម៉ាឡេស៊ី»។ លោកបន្ថែមថា «ខ្ញុំជំរុញដល់សមាគមន៍អាស៊ានទាំងមូលឲ្យធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីបន្តពង្រឹង និងការពារភាសាឥណ្ឌូណេស៊ី»។
ទោះបីជាយ៉ាងណា លោក ម៉ាការីម បានអះអាងថា ដោយសារបំណងរបស់ប្រទេសជិតខាងជាមិត្តយើង ក្នុងការស្នើដាក់ភាសាម៉ាឡេស៊ីជាភាសាអាស៊ានទីពីរ ចាំបាច់ត្រូវតែធ្វើការសិក្សា និងពិភាក្សាបន្ថែមទៀត ក្នុងកម្រិតតំបន់។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូនេស៊ី ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៉ីស្មាអែល ស៊ុបព្រី យ៉ាក់កូប (Ismail Sabri Yaakob) បានឱ្យដឹងកាលពីថ្ងៃទី១ ខែមេសាថាលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានឯកភាពលើ សំណើរបស់ម៉ាឡេស៊ី ដែលចង់ឲ្យអាស៊ាន យកភាសាម៉ាឡេស៊ីធ្វើជាភាសាទីពីររបស់ខ្លួន នៅថ្ងៃណាមួយ៕