(កូឡុំបូ)៖ រដ្ឋាភិបាលចម្រុះរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែលកំពុងកាន់អំណាច បានបាត់បង់សំលេងភាគច្រើននៅក្នុងសភា នាថ្ងៃអង្គារនេះ បន្ទាប់ពីសមាជិកសភាចំនួន៤១រូប បានសមេ្រចចាកចេញពីសម្ព័ន្ធភាពនេះ ចំពេលដែលភាពចលាចលកាន់តែធ្ងន់ធ្ងរ ជុំវិញវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Rueters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។
លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា (Maithripala Sirisena) មេដឹកនាំគណបក្សសេរីភាពស្រីលង្កា ដែលបានដកការគាំទ្រចេញពី រដ្ឋាភិបាលចម្រុះរបស់លោក Rajapaksa បានថ្លែងយ៉ាងដូចច្នេះថា «គណបក្សរបស់យើង គឺនៅខាងប្រជាជន»។ ការប្រែប្រួលនេះ បន្សល់ទុកឱ្យលោក Rajapaksa នូវរដ្ឋាភិបាលមានសំឡេងភាគតិចប៉ុណ្ណោះ ដែលអាចធ្វើឱ្យការសម្រេចចិត្តផ្សេងៗកាន់តែពិបាក ប៉ុន្តែសមាជិកសភាដែលឯករាជ្យ នៅតែអាចបន្តគាំទ្រការស្នើរបស់រដ្ឋាភិបាលដដែល។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ សភារបស់ប្រទេសស្រីលង្កា បានកោះប្រជុំឡើងវិញ សម្រាប់សម័យប្រជុំលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានការដាក់ប្រទេសក្នុងភាពអាសន្ន ស្របពេលដែលបាតុកម្មតវ៉ាផ្ទុះឡើង ដើម្បីទាមទារឲ្យ Gotabaya Rajapaksa ចុះចេញពីតំណែង ដោយសារតែវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ៕