(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែងជនជាតិអូស្ត្រាលី ដើមកំណើតវៀតណាម លោក ចៅ វ៉ាន់ ខាំ (Chau Van Kham) មានអាយុ៧២ឆ្នាំ ដែលត្រូវបានកាត់ទោស កាលពីឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំពីបទប្រព្រឹត្តិអំពើភេរវកម្ម ទាក់ទងនឹងការគាំទ្រ របស់គាត់ចំពោះក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ វៀត តាន់ (Viet Tan)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ម៉ារីស ផេន (Marise Payne) បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានជជែកពិភាក្សាអំពីការដោះលែងលោក Chau Van Kham នៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មីន ជីន (Pham Minh Chinh) ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមកាលពីឆ្នាំ២០២១ និងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក បុយ ត្រាញ់ សុន (Bui Thanh Son) កាលពីសប្តាហ៍មុន។

លោកស្រី Payne បានបញ្ជាក់ដូច្នេះថា «ទាក់ទងនឹងលោក Chau Van Kham, ការគោរពប្រព័ន្ធច្បាប់របស់វៀតណាម គឺយើងគោរព... ប៉ុន្តែក្ដីបារម្ភរបស់ យើង គឺអាយុរបស់គាត់។ គាត់មានអាយុ ៧២ឆ្នាំហើយ សុខភាពគាត់ក៏មិនអំណោយផលទៀតផង»។ លោកស្រី Payne បន្ថែមថា «យើងកំពុងស្វែងរក ការពិចារណាដ៏សមស្របមួយអំពីស្ថានភាពរបស់គាត់ ហើយដើម្បីអនុញ្ញាតឱ្យគាត់ត្រលប់មកកាន់ប្រទេសអូស្ត្រាលីវិញ»

គួរបញ្ជាក់ថា លោក Chau Van Kham ជាអតីតទាហានជើងចាស់វៀតណាមភាគខាងត្បូង ដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលី តាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៨០មកម្ល៉េះ។ គាត់គឺជាអ្នកធ្វើនំនៅទីក្រុងស៊ីដនី ដែលចូលនិវត្តន៍ ហើយលោកត្រូវបានចាប់ខ្លួនក្នុងកំលុងពេលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ «ប្រព្រឹត្តិអំពើភេរវកម្ម»។ គ្រួសាររបស់គាត់ បានឱ្យដឹងថា បញ្ហាសុខភាពរបស់គាត់រួមមាន បញ្ហាទឹកដក់ក្នុងភ្នែក សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ បញ្ហាក្រពេញប្រូស្តាត និងក្រួសក្នុងតម្រងនោម៕