(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិនមិនអាត្មានិយម ដោយស្វែងរកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ជុំវិញសង្រ្គាមក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយក៏មិនបន្ថែមប្រេងលើភ្លើងជម្លោះឲ្យឆេះកាន់តែ ខ្លាំងនោះដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូលេបា (Dmytro Kuleba), លោក វ៉ាង បានកត់សម្គាល់ថា «ប្រទេស ចិនស្វាគមន៍ចំពោះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកបានអំពាវនាវឲ្យភាគីទាំងពីរប្តេជ្ញាបន្តការពិភាក្សាគ្នា ដោយមិនគិតពីការខ្វែងគំនិតគ្នា ខណៈចិនមានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះសន្តិភាពក្នុងប្រទេសអ៊ុយក្រែន»

ដោយឡែក ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃមេរៀនដែលបានឆ្លងកាត់អំពីវិបត្តិ និងការស្វែងរកសន្តិសុខយូរអង្វែងនៅអឺរ៉ុប លោក វ៉ាង បានស្នើ ឲ្យមានការសន្ទនាដោយស្មើភាព ក្នុងក្របខណ្ឌសន្តិសុខ និងផ្អែកលើគោលការណ៍សន្តិភាពដ៏រឹងមាំក្នុងតំបន់អឺរ៉ុប។ លោកបន្ថែមថា «ចិននឹងរក្សានូវ គោលជំហរដែលមានលក្ខណៈយុត្តិធម៌ ហើយបន្ត ដើរតួនាទីស្ថាបនាវិបត្តិនេះតាមវិធីរបស់ខ្លួន»

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Kuleba បានយល់ស្របចំពោះទស្សនៈរបស់ចិនលើបញ្ហាអ៊ុយក្រែន ហើយលោកបានបញ្ជាក់ថា អ៊ុយក្រែន មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាមួយប្រទេសចិន និងសង្ឃឹមថាចិនបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះដែលកំពុង អូសបន្លាយនេះ។

គួរបញ្ជាក់ថា នេះជាជំនួបតាមទូរស័ព្ទលើកទី២ ហើយ រវាងរដ្ឋមន្រ្តីទូតជាន់ខ្ពស់របស់ចិន និងអ៊ុយក្រែន ចាប់តាំងពីមានការវាយប្រហាររបស់រុស្ស៊ីលើ អ៊ុយក្រែន រីឯកាកបាទក្រហមរបស់ចិនបានផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់ប្រទេសអ៊ុយក្រែន៕