(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនហើយបាននិយាយថា លោកនឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអំពើឃោរឃៅនៅទីក្រុង Bucha។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

លោក Biden បាននិយាយថា «អ្នកបានឃើញអ្វីដែលបានកើតឡើងនៅទីក្រុង Bucha ហើយ» ដោយលោក បាន សង្កត់ធ្ងន់ថា លោក ពូទីន «ជា ឧក្រិដ្ឋជន សង្គ្រាម»

ការអត្ថាធិប្បាយរបស់លោក Biden នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅទស្សនាទីក្រុង Bucha ជាទីក្រុងមួយជុំវិញទីក្រុងកៀវ ដែលជាកន្លែងដែលមន្ត្រីអ៊ុយក្រែនបាននិយាយថា សាកសពជនស៊ីវិលត្រូវបានរកឃើញនៅទីនោះ។ លោក Zelenskyy បានហៅសកម្មភាពរបស់រុស្ស៊ីនេះថា «អំពើប្រល័យពូជសាសន៍» ហើយបានអំពាវនាវឱ្យលោកខាងលិចអនុវត្តទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបានហៅសកម្មភាពទាំងនេះថាជាការប្រល័យពូជសាសន៍ទេ៕