Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈរដ្ឋមន្ត្រីស្រីលង្កាទាំងមូល លាលែងចេញពីតំណែង ចំពោះមុខបាតុកម្មតវ៉ា, ការបិទបណ្ដាញទំនាក់ទំនងសង្គម (Video inside)

04-04-2022 10:16

(កូឡុំបូ)៖ គណៈរដ្ឋមន្ត្រីទាំងមូលនៃប្រទេសស្រីលង្កា បានលាលែងចេញពីតំណែងហើយ នៅចំពោះមុខបាតុកម្មតវ៉ាប្រឆាំងនឹងការដោះស្រាយ វិបត្តិសេដ្ឋកិច្ចមិនបានល្អ ពីសំណាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa)។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីទាំងអស់ចំនួន ២៦រូប ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ, រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីកីឡា បានដាក់លិខិតលាលែងពីតំណែង កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ប៉ុន្តែ លោក Gotabaya Rajapaksa និងបងប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ម៉ាហ៊ីនដា រ៉ាចាប៉ាស្កា (Mahinda Rajapaksa) នៅតែបន្តកាន់តំណែងដដែល ហើយការជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយអាជ្ញាធរត្រូវបង្ខំចិត្តកាត់ផ្ដាច់ចរន្តអគ្គិសនីដល់ទៅ ១៣ម៉ោង ក្នុងមួយថ្ងៃ។ ប្រឈមមុខនឹងស្ថានភាពបែបនេះ ប្រជាជនស្រីលង្កា ជាពិសេសក្នុងរដ្ឋធានីកូឡុំបូ បាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោក Gotabaya Rajapaksa ចុះចេញពីតំណែង ខណៈអាជ្ញាធរសម្រេចចិត្តបិទបណ្ដាញទំនាក់ទំនងសង្គម៕