(ល្វីវ)៖ អភិបាលតំបន់ប៉ុលតាវ៉ា (Poltava) បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើទីក្រុងចំនួនពីរ ស្ថិតនៅភាគកណ្ដាលនៃ ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានមួយចំនួន។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

លោក ឌីមីទ្រី លូនីន (Dmitry Lunin) ធ្វើការអះអាងខាងលើ នៅក្នុងសារមួយបង្ហោះលើនៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោកបញ្ជាក់ដូច្នេះថា «មីស៊ីលបានវាយប្រហារ អគារមួយកន្លែងរួមទាំងហេដ្ឋារចនាសម័្ពន្ធជុំវិញ ទាំងយប់ ហើយការវាយប្រហារជាច្រើនផ្សេងទៀតលើទីក្រុង បានបន្តនៅពេលព្រឹក»។ លោកបន្តថាភ្លាមៗ នៅមិនទាន់មានសេចក្តីរាយណ៍អំពីការស្លាប់ និងរបួសដែលអាចកើតឡើងនោះទេ។

រុស្ស៊ីកន្លងមក បានបដិសេធចំពោះការចោទប្រកាន់ថា ខ្លួនបានការកំណត់គោលដៅលើជនស៊ីវិលក្នុងសង្រ្គាមដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហៅថា «ប្រតិបត្តិការយោធាពិសេស» ចាប់តាំពីថ្ងៃទី២៤ ខែកុម្ភៈមក។

គួរបញ្ជាក់ថា Poltava គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន និងជារដ្ឋធានីនៃតំបន់ Poltava ដែលស្ថិតនៅ ភាគខាងកើត ទីក្រុងកៀវ (Kyiv) និងទីក្រុង គ្រីមិនឈុគ (Kremenchuk)។ កាលពីថ្ងៃម្សិលមិញ មន្រ្តីរុស្ស៉ីក៏បានចោទដែរថាអ៊ុយក្រែនប្រើ ឧទ្ធម្ភាគចក្រ វាយប្រហារឃ្លាំងស្តុកប្រេងរបស់ខ្លួន ប៉ុន្តែអ៊ុយក្រែនបដិសេធ៕