(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Damon Wilson ប្រធានមូលនិធិប្រជាធិបតេយ្យជាតិអាមេរិក ស្រាប់តែទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ដើម្បីឃោសនាបំប៉ោងយ៉ាងកម្រោលនូវ «បដិវត្តន៍ពណ៌» ដែលលោកបានបំផុសនៅតំបន់នានាលើពិភពលោក ហើយអះអាងថា នឹងរៀបចំធ្វើអ្វីដែលហៅថា «មហាសន្និបាតសកលអំពីចលនាប្រជាធិបតេយ្យពិភពលោក» នៅក្រុង Taibei នៅចុងខែតុលាផងដែរ។
អង្គការដែលមានកេរ្តិ៍ឈ្មោះដ៏អាក្រក់នេះទៅប្រព្រឹត្តអំពើអាក្រក់នៅមាត់ទ្វាររបស់ចិនដោយយកប្រជាធិបតេយ្យជាលេស ប៉ុនប៉ងបំផុស «បដិវត្តន៍ពណ៌» វាមានពាក្យសម្តី និងទង្វើជ្រុលហួសហេតុប៉ុណ្ណា ក៏នឹងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរប៉ុណ្ណឹងដែរ។ មនុស្សគ្រប់ៗគ្នាសុទ្ធតែដឹងច្បាស់ ពីធាតុពិតនៃមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកនោះហើយ។ ពីអាស៊ីកណ្តាលដល់អាហ្វ្រិកខាងជើង ពីអឺរ៉ុបខាងកើតដល់អាមេរិកឡាទីន នៅប្រទេសជាច្រើន និងតំបន់ជាច្រើនបានកើតឡើង «បដិវត្តន៍ពណ៌» នៅពីក្រោយនេះសុទ្ធតែមានបាតដៃខ្មៅនយោបាយ នៃមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកនេះ។
នៅប្រទេសចិន អង្គការមួយនេះបានគាំទ្រជាច្រើនឆ្នាំដល់កម្លាំងបំបែកបំបាក់ដូចជា «កម្លាំងឱ្យតំបន់ហុងកុងឯករាជ្យ» «កម្លាំងឱ្យតំបន់តៃវ៉ាន់ឯករាជ្យ», «កម្លាំងឱ្យភូមិភាគស្វយ័តស៊ីនជាំងឯករាជ្យ» និង «កម្លាំងឱ្យភូមិភាគស្វយ័ត Xizang ឯករាជ្យ» ជាដើម។ ត្រឹមតែ នៅឆ្នាំ២០២០ អង្គការនេះក៏បានផ្តល់ប្រាក់ទុនលើសពី១០លានដុល្លារអាមេរិកដល់កម្មវិធីពាក់ព័ន្ធនឹងប្រទេសចិនចំនួនជិត ៧០គម្រោង ដើម្បី ឧបត្ថម្ភដល់គម្រោងគ្រប់ប្រភេទដែលបំផ្លាញស្ថិរភាពនយោបាយនិងសង្គមរបស់ចិន។
នៅឆ្នាំ២០០៣ អាជ្ញាធរតៃវ៉ាន់បានបង្កើតអ្វីដែលហៅថា «មូលនិធិប្រជាធិបតេយ្យតំបន់តៃវ៉ាន់» ក្រោមការញុះញង់របស់មូលនិធិនេះ ភាគីទាំងពីរ បានគប់គិតទាក់ទងគ្នាដោយសម្ងាត់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។
បន្ទាប់ពីសហរដ្ឋអាមេរិករៀបចំអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» កាលពីចុងឆ្នាំទៅ ហើយបានបិទបញ្ចប់ដោយមិនទទួលបានលទ្ធផលអ្វីនោះ ក្នុងនាមជា «បាតដៃខ្មៅនយោបាយ» មូលនិធិប្រជាធិបតេយ្យជាតិអាមេរិកប្រកាសថា នឹងសហការជាមួយ «មូលនិធិប្រជាធិបតេយ្យតំបន់តៃវ៉ាន់» រៀបចំ អ្វីដែលហៅថា មហាសន្និបាតប្រជាធិបតេយ្យពិភពលោក ទង្វើនេះមិនមែនចង់ផ្តល់មធ្យោបាយប្រជាធិបតេយ្យល្អប្រសើរអ្វីទេ តែគឺជាឧបាយកល បំបែកបំបាក់ ក៏ដូចជាឧបាយកលនយោបាយដែលឃុបឃិតគ្នាដើម្បីធ្វើអបគមន៍តាមរយៈប្រជាធិបតេយ្យក្លែងក្លាយ។
ត្រង់ចំណុចនេះ អ្នកប្រើបណ្តាញអ៊ីនធើណេតតំបន់តៃវ៉ាន់បានឃើញច្បាស់លាស់ណាស់ ហើយលើកឡើងថា អង្គការនេះ «ចាប់ផ្តើមបង្ករឿង ហេតុនៅតំបន់តៃវ៉ាន់ដែលជាកូនអុកមួយគ្រាប់» «អាចហុចដៃសុំលុយម្តងទៀតហើយ»។ល។ បញ្ហាតំបន់តៃវ៉ាន់ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល របស់ចិន គោលការណ៍ប្រទេសចិនមួយជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិន និងអាមេរិក។ មេដឹកនាំអាមេរិកបានសន្យាអំពីការមិន ប្រព្រឹត្តិ ៤យ៉ាង និងការគ្មានចេតនាមួយ ជាច្រើនលើកចំពោះប្រទេសចិន ក្នុងនោះ បូករួមទាំងមិនគាំទ្រកម្លាំងឱ្យតៃវ៉ាន់ឯករាជ្យ។
លើកនេះមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកដែលបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ទុន ស្រាប់តែទៅបំពេញទស្សនកិច្ចនៅ តំបន់តៃវ៉ាន់ ឃោសនាបំប៉ោងគាំទ្រកម្លាំងឱ្យតៃវ៉ាន់ឯករាជ្យ គឺបានបំពានយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីជាតិចិន បានល្មើសនឹងពាក្យសន្យានយោបាយដែលភាគីអាមេរិកធ្លាប់បានសន្យានោះ គឺជាទង្វើមិនស្មោះត្រង់និងមិនគោរពសច្ចភាព។ មនុស្សណាមួយ និងកម្លាំងណាមួយសុទ្ធតែមិនអាចរារាំងនិន្នាការបង្រួបបង្រួមត្រើយទាំងសងខាងរបស់ចិននោះទេ។
អង្គការប្រឆាំងប្រទេសចិនដូចជាមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកជាដើមជ្រោងទង់ «ប្រជាធិបតេយ្យ» ដើម្បីលេងឧបាយកល «ទប់ស្កាត់ ការអភិវឌ្ឍរបស់ចិនដោយយកបញ្ហាតំបន់តៃវ៉ាន់ធ្វើជាលេស» កលល្បិចទាំងនេះមិនដែលបានសម្រេចតាំងពីដើមមក ហើយក៏នឹងទទួលបរាជ័យ នាពេលបច្ចុប្បន្ន និងអនាគតជាមិនខាន!