(មូស្គូ)៖ មន្ត្រីរបស់រុស្ស៊ីបាននិយាយថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងរបស់អ៊ុយក្រែន បានវាយប្រហារលើ ឃ្លាំងផ្ទុកប្រេងឥន្ធនៈមួយកន្លែង នៅក្នុងទីក្រុង បែលហ្ក័ររូដ (Belgorod) ប្រទេសរុស្ស៊ី នាថ្ងៃសុក្រនេះ ដែលវាជាការចោទប្រកាន់លើកដំបូង អំពីការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន មកលើដីរុស្ស៊ី គិតចាប់តាំងពីទីក្រុងម៉ស្គូ បានបើកប្រតិបត្តិការបស់ខ្លួន កាលពីចុងខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
អភិបាលតំបន់ បែលហ្ក័ររូដ អូប្លាស់ (Belgorod Oblast) លោក វីយ៉ាឆេសឡេវ គ្លែតកូវ (Vyacheslav Gladkov) បានឲ្យដឹងតាមប្រព័ន្ធ Telegram ថា «ឧទ្ធម្ភាគចក្របានវាយប្រហារទីតាំងស្តុកប្រេងនោះ បន្ទាប់ពីឆ្លងចូលព្រំដែននៅរយៈកម្ពស់ទាប»។ លោក Gladkov បានបន្ថែមថា ការឆាបឆេះដែលបណ្តាលមកពីការវាយប្រហារ បានធ្វើឱ្យកម្មករពីរនាក់រងរបួស ខណៈមានការជម្លៀសខ្លួនប្រជាជន ចេញពីតំបន់មួយចំនួន ក្នុងទីក្រុង Belgorod ដែលនៅក្បែរព្រំដែនអ៊ុយក្រែន។ ចំណែក ក្រុមហ៊ុនប្រេងរុស្ស៊ី រ៉េណេហ្វ (Rosneft) ដែលជាម្ចាស់ដេប៉ូប្រេងឥន្ធនៈ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា គ្មាននរណាម្នាក់រងរបួស ក្នុងអគ្គីភ័យនេះទេ តែមិនបានផ្តល់ព័ត៌មានអំពីមូលហេតុនៃការឆាបឆេះនេះទេ។
គួរបញ្ជាក់ថា បើតាម Reuters ជុំវិញការលើកឡើងនេះ ក្រសួងការពារជាតិអ៊ុយក្រែន មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ឃ្លាំងរំសេវមួយនៅជិតទីក្រុង Belgorod ក៏បានឆេះ និងបណ្តាលឱ្យមានការផ្ទុះជាបន្តបន្ទាប់ផងដែរ។ ពេលនោះលោក Gladkov បាននិយាយថា អាជ្ញាធរកំពុងរង់ចាំ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ពីមូលហេតុ នៃការឆាបឆេះនោះ៕