(សេអ៊ូល)៖ យន្តហោះ២គ្រឿងរបស់កងទ័ពអាកាសកូរ៉េខាងត្បូង បានបុកគ្នាលើផ្ទៃអាកាសនាថ្ងៃសុក្រនេះ កំលុងការហ្វឹកហាត់មួយ ដែលជាហេតុបណ្តាលឱ្យពីឡុតសរុប ៤នាក់បាត់បង់ជីវិតទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។
ទីតាំងដែលយន្តហោះទាំង២គ្រឿងបុកគ្នាហើយធ្លាក់ ស្ថិតនៅចម្ងាយប្រហែល៦គីឡូម៉ែត្រ ភាគខាងត្បូងមូលដ្ឋានរបស់យន្តហោះទាំងនោះ នៅក្នុងទីក្រុងសាឈន (Sacheon) កាលពីវេលាម៉ោង០១៖៣៧នាទីរសៀល (ម៉ោងនៅរដ្ឋធានីសេអ៊ូល)។ ក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្រ្គោះសរុបជាង ៦២នាក់ ត្រូវបានចល័តទៅកាន់កន្លែងកើតហេតុ។
គួរបញ្ជាក់ថា យន្តហោះសម្រាប់ការហាត់រៀនបើកបរខាងលើ KT-1 ជាយន្តហោះប្រភេទម៉ាស៉ីន១ និងមានកៅអី២ ដែលត្រូវបានផលិតឡើង រួមគ្នាដោយទីភ្នាក់ងារអភិវឌ្ឍន៍ផ្នែកការពារជាតិរបស់រដ្ឋកូរ៉េខាងត្បូង ហើយនិងក្រុមហ៊ុន Korea Aerospace Industries៕