(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់វីស ឡេឌ្រីយែន (Jean-Yves Le Drian) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការពិភាក្សាទាក់ទងនឹងការចូលជា សមាជិកសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន អាចប្រព្រឹត្តទៅបាន បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន ត្រូវបិទបញ្ចប់ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។
លោក Le Drian បានថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតបារំាង ឡេ ហ្វីហ្ការ៉ូ (Le Figaro) យ៉ាងដូច្នេះថា «អំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងវ៉ែកសៃ (Versailles) មេដឹកនាំនៃរដ្ឋទាំង២៧ បានបញ្ជាក់យ៉ាងច្បាស់ថា ជោគវាសនារបស់អ៊ុយក្រែនត្រូវបានចងភ្ជាប់ទៅនឹងអឺរ៉ុប។ នៅពេលជម្លោះបញ្ចប់ទៅ ពិភពលោកនឹងលែងដូចមុន ហើយអ៊ុយក្រែនក៏យ៉ាងដូច្នោះដែរ។ បន្ទាប់ពីពេលនោះហើយ ដែលយើងគួរតែជជែកអំពីវា (ការស្នើរបស់អ៊ុយក្រែន សុំចូលជាសមាជិកភាពអឺរ៉ុប)»។
កាលពីថ្ងៃទី១០ ខែមីនា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយក្រៅផ្លូវការ កំលុងប្រជុំកំពូលនៅទីក្រុង Versailles ថា លោកគិតថា វាមិនអាចទៅរួចទេក្នុងវាយតម្លៃលើ ពាក្យសុំចូលជាសមាជិករបស់អ៊ុយក្រែន ចំពេលកំពុងមានជម្លោះប្រដាប់អាវុធបែបនេះ។
គួរបញ្ជាក់ថា កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចជាខ្លាំងឲ្យសហភាពអឺរ៉ុប ទទួលយកអ៊ុយក្រែនចូលជាសមាជិក។ កាលពីថ្ងៃទី១ ខែមីនា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អេនដ្រេ យ៉េម៉ាក់ ( Andrey Yermak) បាននិយាយថា EU បានទទួលពាក្យសុំចូលជាសមាជិកពីអ៊ុយក្រែនរួចហើយ សម្រាប់ការត្រួតពិនិត្យ៕