(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនមានបំណង ឬក៏អំពាវនាវឱ្យមានការផ្លាស់ប្ដូររបបដឹកនាំ នៅក្នុង ប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីលោកផ្ទាល់ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅពេលដើរចេញពីវិហារគ្រឹស្ដមួយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើលោកមានចេតនាអំពាវនាវឱ្យការផ្លាស់ប្ដូររបបដឹកនាំក្នុងប្រទេសរុស្ស៊ី មែនដែរឬទេ? លោក បៃដិនបានឆ្លើយយ៉ាងខ្លីថា «ទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ នាឱកាសបំពេញទស្សនកិច្ចនៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ជាទីដែលលោក បានថ្កោលទោសសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានហៅលោក ពូទីនជាថ្មីថាជា «ឃាតក» លោក បៃដិនក៏បានលើកដែរថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ។

ក៏ប៉ុន្តែ ការអត្ថាធិប្បាយដ៏ចម្រូងចម្រាសនេះត្រូវបានសេតវិមានបកស្រាយថា «អ្វីដែលលោកប្រធានាធិបតី បៃដិនបានកត់សម្គាល់ នោះគឺចង់មានន័យថាលោក ពូទីនមិនអាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អំណាចលើបណ្ដាប្រទេសក្បែរខាង ឬក៏នៅក្នុងតំបន់ឡើយ ហើយលោកក៏មិនមែនចង់សំដៅទៅលើអំណាចរបស់លោក ពូទីន ក្នុងប្រទេសរុស្ស៊ី ឬក៏ការផ្លាស់ប្ដូររបបដឹកនាំនោះដែរ។

ចំណែកឯ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងថាអ្វីៗមិនមែន អាស្រ័យលើការសម្រេចចិត្តរបស់លោក បៃដិនទេ ពីព្រោះថាប្រធានាធិបតីរុស្ស៊ីត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរុស្ស៊ី៕