(ម៉ូស្គូ)៖ មន្ត្រីចរចារុស្ស៊ីម្នាក់បានឱ្យដឹងថាកិច្ចចរចាជុំថ្មីមួយផ្សេងទៀត រវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវរៀបចំឡើងពីថ្ងៃទី២៩ ដល់ថ្ងៃ៣០ ខែមីនានេះ ដែលជាជំនួបទល់មុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើឆាណែល Telegram របស់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជំនួយការប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ មេឌីស្គី (Vladimir Medinsky) និងជាប្រធានក្រុមចរចាភាគីរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «កិច្ចចរចាជាមួយអ៊ុយក្រែនតាមវីដេអូខុនហ្វេរិន បានធ្វើឡើងនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ហើយជាលទ្ធផលមានការព្រមព្រៀងគ្នាក្នុងការរៀបចំជំនួបទល់មុខពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនានេះ»

គួរបញ្ជាក់ថា កិច្ចចរចាទល់មុខជុំទី១រវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងក្នុងតំបន់ Gomel នៃប្រទេសបេឡារុសកាលពីថ្ងៃទី២៨ ខែកុម្ភៈ, ជុំទី២ នៅឯ បេឡូវេស្កាយយ៉ា ពូសឆា (Belovezhskaya Pushcha) នៃប្រទេសបេឡារុស កាលពីថ្ងៃទី៣ ខែមីនា និងជុំទី៣ កាលពីថ្ងៃទី៧ ខែមីនា ក្នុងតំបន់ប្រេស (Brest) ក្នុងទឹកដីបេឡារុសដដែល ព្រមទាំងកិច្ចចរចាតាមប្រព័ន្ធវីដេអូជាច្រើនលើកទៀត៕