(អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគីបាននិយាយថា ប្រទេសតួកគី និងប្រទេសដទៃទៀត នៅតែត្រូវការនិយាយជាមួយរុស្ស៊ី ដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថាទីក្រុងកៀវត្រូវការការគាំទ្របន្ថែមទៀតដើម្បីការពារខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

សមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រទេសតួកគី គឺមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ហើយបានព្យាយាមសម្រុះសម្រួលក្នុងជម្លោះរយៈពេលជាងមួយខែមកនេះ។

លោក Ibrahim Kalin បានប្រាប់វេទិកាអន្តរជាតិនៅទីក្រុង Doha របស់ប្រទេសកាតាថា «ប្រសិនបើមនុស្សគ្រប់គ្នា ដុតចោលស្ពានទំនាក់ទំនងជាមួយរុស្ស៊ី តើអ្នកណានឹងនិយាយជាមួយពួកគេនៅថ្ងៃនោះ»

លោក Kalin បានបន្ថែមថា «ប្រជាជនអ៊ុយក្រែនត្រូវការការគាំទ្រតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបានដើម្បីឱ្យពួកគេអាចការពារខ្លួន ... ប៉ុន្តែបញ្ហារុស្ស៊ីក៏ត្រូវតែស្តាប់តាមមធ្យោបាយមួយក៏ដោយ...»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញប្រទេសលោកខាងលិច ឱ្យផ្តល់រថក្រោះ យន្តហោះ និងមីសីលដល់ប្រទេសរបស់លោក ដើម្បីការពារពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី។ លោកខាងលិច បាន ឆ្លើយតប នឹង ការឈ្លានពាន របស់ រុស្ស៊ី ដោយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ លើ ទីក្រុង ម៉ូស្គូ៕