(រីយ៉ាដ)៖ ក្រុមឧទ្ទាមហ៊ូទីបានឱ្យដឹងថាខ្លួនបានផ្អាកការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនលើអារ៉ាប៊ីសាអូឌីត ជាបណ្ដោះអាសន្ន រយៈពេល ៣ថ្ងៃ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមសន្តិភាពដែលពួកគេចង់ឱ្យក្រុមចម្រុះអារ៉ាប់ដឹកនាំដោយទីក្រុងរីយ៉ាដ បញ្ឈប់ការវាយប្រហារផ្លូវអាកាស នៅក្នុងប្រទេសយេមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

លោក ម៉ាស់ឌី អាល់ម៉ាសហាត (Mahdi al-Mashat) ជាប្រធានការិយាល័យនយោបាយនៃក្រុមឧទ្ទាមហ៊ូទី ធ្វើការប្រកាសជាឯកតោភាគីខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងសុន្ទរកថាដដែល លោកក៏បានបញ្ជាក់ផងដែរពីការផ្អាក ប្រតិបត្តិការយោធារយៈពេល៣ថ្ងៃ នៅក្នុងប្រទេសយេមែន ក្នុងនោះរួមមានទាំងនៅឯតំបន់ផលិតឧស័្មន ម៉ារីប (Marib)។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ បានបង្កើនការវាយប្រហារទៅលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត កំលុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ មុនដល់ពេលវេលានៃបទឈប់បាញ់ជាបណ្តោះអាសន្ន សម្រាប់ឱកាសពិធីបុណ្យមូស្លីម រ៉ាម៉ាដន ប្រចាំឆ្នាំ។

កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រុមឧទ្ទាមហ៊ូទី (Houthi) បានបើកការវាយប្រហារទៅលើ ទីតាំងរោងចក្រថាមពលរបស់អារ៉ាប់ប៊ីសាអូឌីត ហើយបើតាម ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ការវាយប្រហារនោះ គឺត្រូវចំស្ថានីយចែកចាយផលិតផលប្រេង នៅរដ្ឋជេដា (Jeddah) របស់ក្រុមហ៊ុនថាមពលដ៏ធំរបស់អារ៉ាប៊ីសាអូឌីតគឺ អារ៉ាមកូ (Aramco) ដោយអាងស្តុកប្រេងចំនួន២ បានរងការផ្ទុះឆាបឆេះ តែមិនមានមនុស្ស រងរបួសទេ។ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពនេះ និងបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនទទួលខុសត្រូវ ចំពោះការរាំងស្ទះណាមួយ នៃចរាចរណ៍ផ្គត់ផ្គង់ប្រេងសកល ដែលបណ្តាលមកពីការវាយប្រហារទាំងនេះឡើយ៕