(យូអិន)៖ តំណាងរងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកស្រី អានណា យ៉េវស្ទីកណេយ៉េវ៉ា (Anna Yevstigneyeva) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ជាចម្បងគឺបណ្តាលមកពីការដាក់ទណ្ឌកម្មយ៉ាងច្រើនលើបលុបលើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំស្តីពីបញ្ហាកូរ៉េខាងជើងនៅឯ UN លោកស្រី យ៉េវស្ទីកណេយ៉េវ៉ា បាននិយាយយ៉ាងដូចច្នេះថា «រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រឹមតែបន្ថែមការរឹតបន្តឹង ហើយព្រងើយកន្តើយចំពោះភាពវិជ្ជមានរបស់ទីក្រុងព្យុងយ៉ាង។ ដូច្នេះហើយ យើងអាចនិយាយបានថា ការវិវឌ្ឍន៍បច្ចុប្បន្នដែលយើងមើលឃើញ មួយចំណែកធំគឺជាផលវិបាកកើតចេញពី ការមិនចេះគិតគូរ វែងឆ្ងាយរបស់បុគ្គលមួយចំនួននៅទីនេះ ដោយពួកគេមិនអាចបោះបង់ចោលនូវផ្នត់គំនិតដាក់ទណ្ឌកម្ម ដែលមិនបានជួយផ្តល់ការធានាសន្តិសុខ ដល់ឧបទ្វីបកូរ៉េឡើយនោះ ក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ»

មន្រ្តីការទូតជាន់ខ្ពស់រុស្ស៉ីរូបនេះ បានបន្ថែមថា «ទីក្រុងព្យុងយ៉ាងទំនងជាមិនអាចធ្វើសម្បទានណាមួយ ទាក់ទងនឹងកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួនបានទេ ប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនៅតែបន្តកើតឡើង»។ លោកស្រីបានសង្កត់ធ្ងន់ថា «រុស្ស៊ីប្រឆាំងទង្វើទាំងឡាយណា ដែលអាចបង្កការគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើង ប្រកាសពីការបាញ់សាកល្បងមីស៊ីល ICBM ដោយពេញលេញជាលើកដំបូង បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៧ ខណៈមីស៉ីលនោះ ត្រូវបានអះអាងថា ជាមីស៉ីល ICBM ថ្មីបំផុត របស់កូរ៉េខាងជើង ហើយហោះបានចម្ងាយឆ្ងាយនិងខ្ពស់បំផុត។ ការធ្វើតេស្តមីស៉ីលនេះទៀតសោត កើតឡើងចំពេលដែលសហរដ្ឋអាមេរិក កំពុងតែរវល់ជាមួយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ហើយកូរ៉េខាងត្បូងកំពុងឆ្លងកាត់ ពេលវេលាអន្តរកាលនៃការផ្លាស់ប្តូរប្រធានាធិបតីថ្មី៕