(ញូដេលី)៖ ឥណ្ឌាបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយចិន មិនទាន់អាចវិលទៅរកសភាពធម្មតាបានទេ រហូតទាល់តែកងទ័ពរបស់របស់ប្រទេសទាំងពីរ ត្រូវដកថយទៅវិញចេញពីតំបន់ព្រំដែនជម្លោះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិន និងឥណ្ឌា បានជួបគ្នានៅទីក្រុងញូដេលី កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា «ចិននិងឥណ្ឌាគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅជុំវិញពិភពលោក ហើយភាគីទាំងពីរគួរតែដាក់ ភាពខ្វែងគំនិតគ្នាជុំវិញបញ្ហាព្រំដែន នៅលើជំហរសមស្របមួយ ព្រមទាំងប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ សម្រាប់ទំនាក់ទំនងទ្វេភាគី»

ឆ្លើយតបចំពោះក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចាសានកា (Subrahmanyam Jaishankar) បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបរយៈពេល៣ម៉ោងជាមួយលោក Wang ថា «ខ្ញុំបាននិយាយដោយត្រង់ៗ ជាមួយលោករដ្ឋមន្ត្រីការបរទេសចិន ជាពិសេសក្នុងការបង្ហាញពីទស្សនៈនៃប្រទេសរបស់យើង។ ប៉ុន្តែការប៉ះទង្គិចនិងភាពតានតឹង ដែលកើតចេញពីការដាក់ពង្រាយកងទ័ពរបស់ចិនចាប់តាំងពីខែមេសា ឆ្នាំ២០២០ មិនអាចទាន់ត្រូវផ្សះផ្សាបាន តាមរយៈការស្តារទំនាក់ ទំនងរវាងប្រទេសជិតខាងទាំងពីរឡើយ»

គួរបញ្ជាក់ថា ចិននិងឥណ្ឌា បានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ នៅតាមព្រំដែន និងស្ថិតក្រោមសភាពប្រុងជើងការខ្ពស់ ចាប់តាំងពីមានការប៉ះទង្គិចគ្នា ដែលបានសម្លាប់ទាហានឥណ្ឌា២០នាក់ និងចិន៤នាក់ នៅតំបន់ឡាដាក (Ladakh) នៃតំបន់ជួរភ្នំហិម៉ាល័យ កាលពីខែមិថុនា ឆ្នាំ២០២០ ខណៈការពិភាក្សារវាងមន្ត្រីយោធាជាន់ខ្ពស់របស់ភាគីទាំងពីរ ទទួលបានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ៕