(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតទូស ម៉ូរ៉ាវ៉ីកគី (Mateusz Morawiecki) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហើបពីឈ្មោះប្រទេសអឺរ៉ុបចំនួនបី ដែលប្រឆាំងនឹងការបិទទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ហើយបានក្លាយជាតួអង្គ ដែលបង្អាក់ការដាក់ទណ្ឌកម្មបន្ថែម ដើម្បីឆ្លើយចំពោះសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយក្នុងកិច្ចពិភាក្សារបស់អង្គការ NATO នាទីក្រុងព្រុចសែលថា «ប៉ូឡូញមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដាក់កំហិតលើការធ្វើពាណិជ្ជកម្មឧស្ម័នធម្មជាតិ តែគួរឱ្យស្តាយ ប្រទេសធំៗ ដូចជាអាល្លឺម៉ង ព្រមទាំងប្រទេសតូចៗផងដែរ ដូចជាអូទ្រីស និងហុងគ្រី ដែលមិនព្រមចូលរួមជាមួយយើង ហើយបដិសេធមិនបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នៅពេលនេះទេ។ ទោះយ៉ាងណា លោក ម៉ូរ៉ាវ៉ីកគី បានសំដែងក្តីរំពឹងថា លោកអាចនឹងបញ្ចុះបញ្ចូលប្រទេសទាំងនោះ ឱ្យផ្លាស់ប្តូរទស្សនៈរបស់ខ្លួន។

លោក Morawiecki បានបញ្ជាក់បន្ថែមថា «ឥទ្ធិពលនៃទណ្ឌកម្មក្នុងរយៈពេលវែង និងមធ្យមគឺពិតជាមានសារៈសំខាន់ ទោះជាវាមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់រុស្ស៊ី ចំពោះអ៊ុយក្រែននាពេលឥឡូវក៏ដោយ ហើយការកំណត់គោលជំហរជារួមមួយ ពាក់ព័ន្ធនឹងរុស្ស៉ី នៅក្នុងសហភាពអឺរ៉ុប និងអង្គការ NATO គឺជារឿងចាំបាច់»

គួរបញ្ជាក់ថា ទោះទទួលរងការដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ពីក្រុមប្រទេសលោកខាងលិច រុស្ស៉ីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដែលមកទល់ពេលនេះ បានអូសបន្លាយពេលជាង១ខែមកហើយ និងមិនទាន់លេចចេញសញ្ញាថា អាចនឹងបិទបញ្ចប់ទៅវិញ ក្នុងពេលឆាប់ៗនោះទេ៕